ភ្នំពេញ៖ យុវជន ហោ តុលា ជានិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅបារាំង ជំនាញទូរគមនាគមន៍ផ្កាយរណប ក្រោមអាហារូបករណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឱកាសដែលយុវជន ហោ តុលា ទទួលបាននាពេលនេះ ស្របតាមបំណង និងក្តីស្រមៃរបស់ខ្លួនដែលមានតាំងពីក្មេងមកម្លេះ។ យុវជនរូបនេះ ជឿជាក់ថា ជំនាញនេះ នឹងផ្តល់ឱ្យរូបគេនូវចំណេះដឹងដែលអាចចូលរួមអភិវឌ្ឍប្រទេសកម្ពុជាបាននាពេលអនាគត។
ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ យុវជន ហោ តុលា បានបង្ហាញនូវការរំភើប និងមោទនភាពលើខ្លួនឯងដែលអាចប្រឡងជាប់ទទួលបានអាហារូបករណ៍នេះ ព្រោះការប្រឡងពោរពេញដោយបេក្ខជនមានសមត្ថភាពខ្ពស់ ខណៈជំនាញដែលនឹងសិក្សាដូចនឹងក្តីស្រមៃដែលមានតាំងពីក្មេង។
យុវជនរូបនេះ បានបង្ហាញថា ជំនាញទាក់ទងនឹងផ្កាយរណបនេះ គឺដូចនឹងការស្រឡាញ់ ចូលចិត្តតាំងពីក្មេង ព្រោះរូបគេជាមនុស្សចូលចិត្តសិក្សាអំពីភព ជីវិតនៅលំហរអាកាស យានអវកាសជាដើម។ ទោះបីជំនាញនេះ នៅមានទីផ្សារការងារមានកម្រិតក៏ដោយ តុលា នៅតែសម្រេចចិត្តសិក្សាជំនាញទូរគមនាគមន៍ផ្កាយរណប ដើរតាមក្តីស្រមៃ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។ តុលា បានលើកឡើងថា «បើយើងចង់ធ្វើដំណើររាប់ម៉ឺនជំហាន យើងត្រូវចាប់ផ្តើមពីជំហានដំបូង ជំហានដំបូងអាចនឹងលំបាក ប៉ុន្តែប្រសិនបើយើងអត់ធ្វើទេ នោះវានឹងស្ថិតនៅតែក្នុងក្តីស្រមៃ ហើយមិនអាចក្លាយជាការពិតបានទេ»៕
សូមទស្សនាបទសម្ភាសន៍ពេញ៖