ភ្នំពេញ៖ កញ្ញា ហ៊ន សុខលាង គឺជាអតីតបេក្ខជនដែលបានផ្លាស់ប្តូរការសិក្សារយៈពេល ៥សប្តាហ៍ នៅសហរដ្ឋអាម៉េរិកតាមរយៈកម្មវិធី YSEALI នៅក្នុងឆ្នាំ ២០២៥។ កញ្ញាបានថ្លែងថា ការផ្លាស់ប្តូរការសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កញ្ញាព្រោះបានធ្វើឱ្យកញ្ញា ស្វែងយល់ស៊ីជម្រៅពីប្រធានបទដែលបានជ្រើសរើសគឺ “Civic Engagement- ការចូលរួមសកម្មភាពសង្គម” ពង្រឹងភាសាអង់គ្លេស អភិវឌ្ឍការសរសេរសំណើរគម្រោង និងជាពិសេសគឺការបង្កើតបណ្តាញទំនាក់ទំនងជាមួយយុវជនអាស៊ានដទៃទៀត តាមរយៈការសិក្សា ចុះកម្មសិក្សា ការសរសេរសំណើរគម្រោង និងស្នាក់នៅជាមួយគ្នា។
កញ្ញា ហ៊ន សុខលាង គឺជា អ្នកសម្របសម្រួលការរៀនសូត្រ និងអភិវឌ្ឍយុវជននៅសមាគមបណ្តាញយុវជនកម្ពុជា ហើយកាលពីខែកញ្ញា ឆ្នាំ២០២៥ កញ្ញាបានផ្លាស់ប្តូរការសិក្សានៅ Portland State University តាមរយៈការ YSEALI AcademicProgram។ កញ្ញាបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានរៀនសូត្រ និងទទួលបានបទពិសោធន៍ជាច្រើនពីកម្មវិធី ជាពិសេសគឺការអនុវត្តជាក់ស្តែងពីមេរៀនដែលបានសិក្សា។នៅក្នុងរយៈពេល ៥សប្តាហ៍ កញ្ញាបានចូលរួមសកម្មភាពជាច្រើនដូចជា ការចុះកម្មសិក្សាទៅតាមស្ថាប័នរដ្ឋ និងស្ថាប័នដៃគូ ដែលធ្វើការទាក់ទងនឹងយុវជន បរិស្ថាន និងសង្គមជាដើម។ តាមរយៈ YSEALI កញ្ញាបានជួបជាមួយយុវជនជាអ្នកដឹកនាំមកពីបណ្តាប្រទេសផ្សេងៗនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលមានចំណង់ចំណូលចិត្តដូចគ្នាក្នុងការបង្កើតការផ្លាស់ប្តូរ និងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍។ ទំនាក់ទំនងនេះបានក្លាយជាអ្វីដែលលើសពីមិត្តភាពសម្រាប់កញ្ញា និងបង្កើតជាបណ្តាញនៃការគាំទ្រ និងការបំផុសគំនិតសម្រាប់គ្នាទៅវិញទៅមក។
ជាមួយគ្នានេះ កញ្ញាបានទៅទស្សនាការប្រជុំនៅក្នុង ក្រុមប្រឹក្សាក្រុង City Council ដែលនៅទីនោះបេក្ខជនដែលចូលរួមអាចយល់ដឹងពីការធ្វើកិច្ចប្រជុំ ការប្រើប្រាស់ នីតិវិធី និងរបៀបដែលប្រជាជនអាចលើកយកបញ្ហា ដើម្បីឱ្យរដ្ឋាភិបាលសម្រេចចិត្ត។ បន្ទាប់ពីបានចូលរួមទស្សនាកិច្ចប្រជុំនេះកញ្ញា សុខលាង បន្តថាកិច្ចប្រជុំមួយនេះ បានបង្ហាញថា “ អ្នកដឹកនាំនៅក្នុងសហគមន៍ពិតប្រាកដ គឺចាប់ផ្តើមពីការចេះស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះមតិយោបល់ពីអ្នកដទៃ ចំពោះតម្រូវការ និងរឿងរ៉ាវរបស់មនុស្សជុំវិញខ្លួន ព្រោះភាពជាអ្នកដឹកនាំមិនមែនត្រឹមជាការដឹកនាំអ្នកដទៃប៉ុណ្ណោះទេ តែវា គឺសិក្សាពីគ្នាទៅវិញទៅមក និងការយល់ដឹងពីតម្រូវការដែលពិតប្រាកដ”។ បច្ចុប្បន្ននេះ កញ្ញាកំពុងយកមេរៀនដែលបានសិក្សាទាំងនោះមកបញ្ជ្រាបចូលនៅក្នុងគម្រោងដែលខ្លួនដឹកនាំ និងណែនាំឱ្យយុវជនដទៃទៀតស្វែងយល់ និងស្គាល់ពីកម្មវិធីមួយនេះបានកាន់តែច្រើន ព្រោះកញ្ញាក៏បានស្គាល់វាតាមរយៈសិស្សច្បង និងគ្រូរបស់កញ្ញា ផងដែរ។
បន្ថែមពីនេះ នៅក្នុងនាមជាយុវជនតំណាងកម្ពុជាម្នាក់ កញ្ញាបាននាំយកវប្បធម៌ខ្មែរ ទៅបង្ហាញដល់អន្តរជាតិទាំង អាស៊ាន និងអាម៉េរិក តាមរយៈ ការដាក់បង្ហាញពីផលិតផលកម្ពុជានៅក្នុងការពិព័រណ៌ថ្ងៃផ្លាស់ប្តូរ វប្បធម៌ និងដាក់(Slide)បញ្ចាំងពីតំបន់ទេសចរណ៍នៅកម្ពុជា រួមទាំងចែករំលែកអំពីល្បែង និងរបាំប្រជាប្រិយមួយចំនួនផងដែរ។ ដោយឡែកនៅក្នុងសកម្មភាពពេលសិក្សាវិញ កញ្ញាតែងតែបង្ហាងភាពជាអ្នកដឹកនាំ ដោយជួយសម្របសម្រួលក្រុម អាចស្វែងរកជំនួយ ព្រមទាំងចូលរួមយ៉ាងសកម្ម ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា។
កញ្ញារៀបរាប់បន្ថែមថា នេះគឹជាលើកទី១ ដែលកញ្ញាដាក់ពាក្យចូល ហើយទទួលបានការជ្រើសរើសឱ្យចូលរួមកម្មវិធី។ ក្នុងនោះ កញ្ញាសុខលាង ក៏បានប្រាប់ពីគន្លឺះដែលយុវជនគួរអនុវត្តនៅពេលដាក់ពាក្យ ដែលរួមមាន ត្រូវយល់ និងស្រាវជ្រាវឱ្យច្បាស់អំពីតម្រូវការរបស់កម្មវិធី។ មួយវិញទៀត នៅក្នុងដំណាក់កាលដែលតម្រូវឱ្យសរសេរ ជំនួសឱ្យការសរសេរពីរឿងរ៉ាវទូទៅ បេក្ខជនត្រូវអានសំណួរនីមួយៗឱ្យបានច្បាស់ និងឆ្លើយដោយផ្សាភ្ជាប់ជាមួយសកម្មភាពដែលធ្លាប់បានធ្វើ និងសមិទ្ធផលនៃកម្មវិធីនោះ និងបង្ហាញពីអ្វីដែលចង់រៀនសូត្រ និងអ្វីដែលអាចធ្វើបានដើម្បីឆ្លើយតបនឹងតម្រូវការរបស់គេ។ ឈានទៅដល់វគ្គសម្ភាស គឺមានរយៈពេលខ្លីពី ១០ ទៅ១៥នាទី ដូច្នេះបេក្ខជនត្រួវត្រៀមខ្លួនឱ្យបានរួចរាល់ និងឆ្លើយចម្លើយដែលខ្លី និងងាយយល់។
កញ្ញាបានឆ្លុះបញ្ចាំងពីកម្មវិធីថា៖ “YSEALI បានបង្រៀនខ្ញុំថា សកម្មភាពតូចៗក៏អាចបង្កើតការផ្លាស់ប្តូរដែលមានអត្ថន័យបានដែរ ប្រសិនបើយើងធ្វើវាដោយមានការយកចិត្តទុកដាក់ និងមានគោលបំណងច្បាស់លាស់។ រាល់ពេលដែលខ្ញុំជួបប្រទះបញ្ហាប្រឈម ខ្ញុំតែងនឹកឃើញដល់មនុស្ស ដែលខ្ញុំបានជួប និងក្តីសង្ឃឹមរួមដែលយើងបានកសាងជាមួយគ្នា។ បទពិសោធន៍នេះនៅតែជាកម្លាំងចិត្តឱ្យខ្ញុំបន្តសុបិន និងខិតខំធ្វើការដើម្បីកម្ពុជាដែលកាន់តែប្រសើរ”។
គួរបញ្ជាក់ថា ជាចុងក្រោយបេក្ខជន YSEALI ឆ្នាំ ២០២៥ រូបនេះ លើកទឹកចិត្តឱ្យយុវជនសាកល្បង ចូលកម្មវិធីមួយនេះ ទោះបីពេលខ្លះដំណើរការនៃការដាក់ពាក្យពេលខ្លះមានភាពស្មុគស្មាញ និងត្រូវការស្រាវជ្រាវច្រើន ហើយត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ព្រមទាំងរៀន និងសាកសួរបទពិសោធន៍ពីបេក្ខជនដែលធ្លាប់ជាប់ឱ្យបានច្រើន។ បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យ តាមរយៈ Link ឱ្យបានត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨យប់ ជាកំហិត៕