ភ្នំពេញ៖ កងរាជអាវុធហត្ថ ត្រៀមរួចរាល់ទទួលពាក្យពីយុវជន ដើម្បីចូលបំពេញ «កាតព្វកិច្ចយោធា» ដែលនឹងចាប់ផ្តើមចែកពាក្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់ទុកការចូលរួមរបស់យុវជន និងយុវនារី អាយុចន្លោះ ១៨ ដល់ ២៥ឆ្នាំ ក្នុងការបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំនេះ គឺមានតម្លៃចំពោះជាតិ ដើម្បីចូលរួមចំណែកការពារជាតិមាតុភូមិ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កងរាជអាវុធហត្ថ ត្រៀមរួចរាល់ទទួលពាក្យពីយុវជន ដើម្បីចូលបំពេញ «កាតព្វកិច្ចយោធា» ក្រោយបានប្រជុំពាក់ព័ន្ធនឹងគោលការណ៍អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។ កងរាជអាវុធហត្ថនៅតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើមចែកពាក្យតាមការកំណត់ ហើយរំពឹងថានឹងមានការចូលរួមចំណែកច្រើនកុះករ ដើម្បីបំពេញកាតព្វកិច្ចយោធា ស្របតាមច្បាប់ស្តីពី«កាតព្វកិច្ចយោធា»។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានលើកឡើងថា "ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយ គុណភាព។ការអនុវត្ត កាតព្វកិច្ចយោធា និងផ្តល់ចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង"។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើជំរឿនលើយុវជនចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និង គោលរបបផ្សេងៗមានជាអាទិ៍៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០០០០(បួនសែន)រៀល។ គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖ ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និង របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន៕