Swift cc time

និស្សិត DMC ជាង៦០រូប ចាក់បញ្ចាំងភាពយន្តឯកសារខ្លីចំនួន ១១ រឿង ឆ្លុះបញ្ចាំងពីតថភាពសង្គម និងវប្បធម៌នៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ជាង៦០រូប នាថ្ងៃទី២៦ កញ្ញា ២០២៦ បានរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារខ្លីដែលជាស្នាដៃផលិតរបស់និស្សិត ក្រោមគម្រោង «Project Three 2026» ចំនួន ១១រឿង នៅរោងភាពយន្ត Prime Cineplex Samai Square។ ស្នាដៃទាំង១១ បានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីតថភាពសង្គមចម្រុះ រួមមាន សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ ការអប់រំ កីឡា បរិស្ថាន ព្រមទាំងជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

ភាពយន្តឯកសារខ្លីទាំង ១១ រឿងនេះ ជាផ្នែកមួយនៃកិច្ចការបញ្ចប់មុខវិជ្ជា «សារព័ត៌មានសោតទស្សន៍» និង «ការផលិតកម្មវិធីទូរទស្សន៍ និងវីដេអូ» របស់និស្សិតឆ្នាំទី៣ ជំនាន់ទី២៣ ចំនួនជាង ៦០ នាក់ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ក្នុងចំណោមស្នាដៃទាំងនោះ ក៏មានការចូលរួមផលិតដោយនិស្សិតផ្លាស់ប្តូរការសិក្សាចំនួន ២ រូប មកពីសាកលវិទ្យាល័យWindesheim University of Applied Sciences នៃប្រទេសហូឡង់ផងដែរ។

ស្នាដៃទាំងអស់បានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីតថភាពសង្គមចម្រុះ រួមមាន សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ ការអប់រំ កីឡា បរិស្ថាន ព្រមទាំងជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ ចំណងជើងភាពយន្តឯកសារទាំង ១១ រឿងរួមមាន ទីនេះប្រៀបដូចផ្ទះ បុរីអូរស្វាយ អ្នកបន្តវេន ជំនោរកោះស្តេច សូរថ្មីលើដែនដីចាស់ ភាណីស្រុកស្រែ រលកសមុទ្រ ដង្ហើមនៃស្បែក អត្តលុន មរតកខ្មុករស់ និងតម្រាចុងក្រោយ។

សាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបង្កើតស្នាដៃជាក់ស្តែងនេះឡើង ព្រមទាំងបានលើកទឹកចិត្តឱ្យនិស្សិតបើកចិត្តទទួលយកមតិស្ថាប ដោយចាំស្តាប់អ្នកទស្សនាផ្តល់មតិយោបល់នានា ដើម្បីកែលម្អអាជីពខ្លួនឯងឱ្យកាន់តែល្អនាពេលអនាគត។ ខណៈ លោកស្រី Natalie Russmann នាយិកាប្រចាំប្រទេសកម្ពុជានៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ បានរៀបរាប់ថា «ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយ និងមានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តគាំទ្រនិស្សិត ដែលមានសមត្ថភាពផលិតនូវស្នាដៃភាពយន្តឯកសារប្រកបដោយគុណភាពកម្រិតនេះ។»

លោក អ៊ុង ប៊ុន ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) 

លោក អ៊ុង ប៊ុន ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានគូសបញ្ជាក់ថា «ប្រធានបទទាំងអស់សុទ្ធតែមានប្រយោជន៍ ប្រធានបទខ្លះគាត់និយាយពីការរក្សាអត្តសញ្ញាណរបស់ក្រុមជនជាតិដើមភាគតិច ហើយក្រុមខ្លះគាត់បានសិក្សាទៅលើការថែរក្សាអត្តសញ្ញាណតាមរយៈសិល្បៈវប្បធម៌ ក៏ដូចជានិយាយរួមការតស៊ូរបស់ក្រុមសិល្បៈដែលនៅតាមមូលដ្ឋាន ។ គម្រោង «Project Three 2026» ជាឧទាហរណ៍មួយដែលឆ្លុះបញ្ចាំងពីកម្មវិធីសិក្សានៅ DMC ដែលប្រើប្រាស់កម្មវិធីសិក្សាផ្អែកលើលទ្ធផល ដោយផ្តោតសំខាន់លើលទ្ធផលជាក់ស្តែងដែលនិស្សិតអាចសម្រេចបានក្រោយបញ្ចប់ការសិក្សា និងឆ្លើយតបទៅនឹងទីផ្សារការងារ។»។

លោកស្រី Natalie Russmann នាយិកាប្រចាំប្រទេសកម្ពុជានៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ

កម្មវិធីមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និស្សិត និងសាធារណជន សរុបជិត ៣០០ នាក់។ ទស្សនិកជនបានជជែកដេញដោលយ៉ាងសកម្ម ជាមួយក្រុមផលិតករវ័យក្មេង អំពីដំណើរការចុះផលិតជាក់ស្តែង បញ្ហាប្រឈមនៅពេលផលិត និងយុទ្ធសាស្ត្រក្នុងការដោះស្រាយឧបសគ្គ និងបញ្ហាបច្ចេកទេសនានា រហូតសម្រេចបានស្នាដៃដាក់បញ្ចាំងលើផ្ទាំងអេក្រង់ក្នុងរោងភាពយន្តនាពេលនេះ។

គួរបញ្ជាក់ផងដែរថា គម្រោងផលិត និងការរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារ «Project Three 2026» នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ សេវាសន្តិភាពស៊ីវិលនៃអង្គការ GIZ និងរោងភាពយន្ត Prime Cineplex សាខា Samai Square៕


Khcct banner

អត្ថបទទាក់ទង