សៀមរាប៖ អង្គការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន (TDSO) នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃឥតគិតថ្លៃថ្មីមួយឈ្មោះថា Edubox ក្នុងឱកាសខួប ១០ឆ្នាំ របស់អង្គការ TDSO ដើម្បីផ្តល់ការគាំទ្រគ្រូបង្រៀននៅកម្រិតបឋមសិក្សាក្នុងការរៀបចំ និងបង្រៀនមេរៀនឱ្យស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដោយអាចដំណើរការនៅលើទូរស័ព្ទដៃ។ សម្រាប់ដំណាក់កាលដំបូង កម្មវិធីនេះមានមាតិកាមុខវិជ្ជាភាសាអង់គ្លេសសម្រាប់ថ្នាក់ទី៤ ដល់ថ្នាក់ទី៦ ហើយអង្គការ TDSO បាននិងកំពុងសហការជាមួយក្រសួងអប់រំ ព្រមទាំងអង្គការដៃគូនានា ដើម្បីបញ្ចូលមាតិកាមុខវិជ្ជាផ្សេងៗទៀតនាពេលអនាគត។
ការដាក់ឱ្យដំណើរការកម្មវិធីនេះ រួមជាមួយនឹងការធ្វើបទបង្ហាញលើការសាកល្បងប្រើប្រាស់ផ្ទាល់ គឺជាការបើកទំព័រថ្មីនៃទសវត្សរ៍ទីពីររបស់អង្គការ TDSO។ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ គ្រូបង្រៀននៅកម្រិតបឋមសិក្សាចំនួន ១០០នាក់ នឹងអាចចូលប្រើប្រាស់កម្មវិធី Edubox បានភ្លាមៗ មុននឹងបើកឱ្យគ្រូបង្រៀនទូទាំងប្រទេសប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ។ កម្មវិធីនេះមានដាក់ឱ្យទាញយកដោយឥតគិតថ្លៃនៅលើ Google Play និង App Store ហើយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ។ កម្មវិធី Edubox ត្រូវបានអភិវឌ្ឍឡើងក្រោមការគាំទ្រពីមូលនិធិ Nando and Elsa Peretti Foundation (NaEPF) ហើយកម្មវិធីនេះប្រមូលទិន្នន័យតែអំពីគ្រូបង្រៀនប៉ុណ្ណោះ ដោយមិនប្រមូលទិន្នន័យរបស់សិស្សានុសិស្សឡើយ។
លោក ឡុង ឆល្លា គ្រូបង្រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាអន្លង់ធំ ខេត្តសៀមរាប និងជាអតីតសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្រៀនរបស់អង្គការTDSO បានចែករំលែកបទពិសោធន៍ថា កាលពីមុនលោកបង្រៀនតាមតែសៀវភៅគោល និងនិយាយច្រើនតែម្នាក់ឯង ប៉ុន្តែបច្ចុប្បន្នលោកចេះរៀបចំសកម្មភាពឱ្យសិស្សនិយាយភាសាអង់គ្លេសជាមួយដៃគូ និងជាក្រុម ដែលធ្វើឱ្យសិស្សមានទំនុកចិត្តជាងមុន ហើយលោកកំពុងទន្ទឹងរង់ចាំប្រើប្រាស់កម្មវិធី Edubox នៅលើទូរស័ព្ទដើម្បីរៀបចំមេរៀនឱ្យកាន់តែមានប្រសិទ្ធិភាព។
អង្គការ TDSO បានបង្កើតកម្មវិធី Edubox នេះឡើងដោយផ្អែកលើធនធាន និងសម្ភារៈដែលគ្រូបង្រៀនមានស្រាប់ ដើម្បីផ្តល់ការគាំទ្រប្រចាំថ្ងៃនៅចន្លោះពេលដែលមិនមានការចុះជួយគាំទ្រផ្ទាល់ពីគ្រូឧទ្ទេស ឬគ្រូប្រឹក្សាគរុកោសល្យរបស់អង្គការTDSO។ នៅក្នុងកម្មវិធីដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសនេះ គ្រូបង្រៀនទទួលបានកិច្ចតែងការបង្រៀនច្បាស់លាស់ រួមមាន៖ សម្ភារៈឧបទេស សកម្មភាពបង្រៀន សម្ភារៈបច្ចេកវិទ្យា និងសោតទស្សន៍ ព្រមទាំងអាចកត់ត្រាទុកនូវដំណើរការបង្រៀនប្រចាំថ្ងៃរបស់ខ្លួនបានទៀតផង។ លោកគ្រូអ្នកគ្រូ គ្រាន់តែភ្ជាប់អ៊ីនធឺណិតរយៈពេលខ្លីណាមួយ ប្រហែលម្តងក្នុងមួយខែដើម្បីធ្វើបច្ចុប្បន្នភាពមេរៀន និងកំណត់ត្រាប៉ុណ្ណោះ។ បន្ទាប់ពីទាញយកមេរៀនរួច កម្មវិធីនេះអាចប្រើប្រាស់បានដោយមិនចាំបាច់មានអ៊ីនធឺណិត (Offline) ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់គ្រូបង្រៀននៅតាមសាលារៀនដែលពុំសូវមាន ឬគ្មានសេវាអ៊ីនធឺណិតប្រើប្រាស់ប្រចាំថ្ងៃ។
លោក សុន ណាត នាយកប្រតិបត្តិនៃអង្គការ TDSO បានមានប្រសាសន៍ថា បច្ចេកវិទ្យាអាចជួយគ្រូបង្រៀនបាន លុះត្រាតែវាត្រូវបានបង្កើតឡើងឱ្យសមស្របតាមអ្វីដែលគ្រូបង្រៀនមានជាក់ស្តែង ពោលគឺទូរស័ព្ទដៃ និងសេវាអ៊ីនធឺណិតដែលមានកម្រិត។ ខណៈ លោក ចាន់ តុលា ប្រធាននាយកដ្ឋានកិច្ចការវិក្រឹតការនៃក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការ TDSO និងបានស្វាគមន៍ចំពោះកម្មវិធី Edubox ដែលអនុលោមតាមកម្មវិធីសិក្សាជាតិ និងអាចប្រើប្រាស់បានដោយមិនត្រូវការអ៊ីនធឺណិត។
អង្គការ TDSO បានចាប់ផ្តើមបេសកកម្មរបស់ខ្លួននៅឆ្នាំ២០១៦ តាមរយៈការបង្រៀនភាសាអង់គ្លេសដល់កុមារនៅក្នុងសហគមន៍មួយក្នុងខេត្តសៀមរាប ហើយក៏បានមើលឃើញពីបញ្ហាប្រឈមមួយ គឺគ្រូបង្រៀននៅតាមសាលាបឋមសិក្សាជាច្រើន មានចំណេះដឹង និងវិធីសាស្រ្តបង្រៀនភាសាអង់គ្លេសនៅមានកម្រិត។ នៅឆ្នាំ២០១៧ អង្គការបានប្តូរទិសដៅមកបណ្តុះបណ្តាលគ្រូបង្រៀនវិញ រួមមាន៖ ការបណ្តុះបណ្តាលមូលដ្ឋានតាមរយៈ វគ្គវិធីសាស្ត្របង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស (English for Public Primary School-EPPS) វគ្គពង្រឹងសមត្ថភាពភាសាអង់គ្លេស (English for Teachers-EFT) ការចុះប្រឹក្សាគរុកោសល្យ (Coaching) និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (Continuous Professional Development-CPD)។ អង្គការក៏មានសាលាអនុវត្តផ្ទាល់នៅខេត្តសៀមរាបដែលបង្រៀនភាសាអង់គ្លេសដល់សិស្សនៅក្នុងសហគមន៍ប្រមាណជា ៥០០នាក់ ជាប្រចាំថ្ងៃ សម្រាប់សាកល្បងវិធីសាស្ត្របង្រៀនថ្មីៗផងដែរ។
គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៦ អង្គការ TDSO បានបណ្តុះបណ្តាលគ្រូបង្រៀននៅកម្រិតបឋមសិក្សាសរុបចំនួន ២.០៧៧ នាក់ ដែលតួលេខនេះបូករួមទាំងគ្រូបង្រៀនចំនួន ១.១២៤ នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ និងបានពង្រីកវិសាលភាពទៅដល់សាលាបឋមសិក្សាផ្សេងៗទៀតចំនួន ៧៥២ សាលា នៅក្នុងខេត្តចំនួន ១០ ដែលផ្តល់ផលជះដល់សិស្សានុសិស្ស ប្រមាណជាង ៨០០០០ នាក់។ លើសពីនេះ អង្គការកំពុងសហការជាមួយក្រសួងដើម្បីដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលទៅក្នុងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ (TEIs) ចំនួន ១០ នៅក្នុងជំហានដំបូង និងគ្រោងគ្របដណ្តប់ទាំង ១៨ គ្រឹះស្ថានទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៧៕