ហ្វីលីពីន៖ លោកស្រី ហ៊ាង អូមួយ បានទទួលពានរង្វាន់ពិសេស «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» (ASEAN Gender Equality & Economic Empowerment Award) នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ASEAN Business Awards ឆ្នាំ២០២៦ ក្នុងកំឡុងពេល កិច្ចប្រជុំកំពូលអាស៊ាននៅទីក្នុងទីក្រុង មានីឡា ប្រទេសហ្វីលីពីន។ ពានរង្វាន់នេះ ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខភាពឆ្នើមចំនួន ២០០ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ពានរង្វាន់កម្រិតអាស៊ាន ASEAN Business Awards ឆ្នាំ២០២៦ នេះ គឺជាការទទួលស្គាល់ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងនិងសម្ធិផលសម្រាប់ប្រទេសក្នុងតំបន់ អាស៊ាននិងប្រទេសក្នុងតំបន់ផ្សេងៗទៀត ក្នុង សមភាពយេនឌ័រ និងការផ្តល់អំណាចសេដ្ឋកិច្ចលើកកម្ពស់យុវជន យុវត្តី ស្ត្រីលើវិស័យបច្ចេកវិទ្យា និងការអប់រំ អស់រយៈពេលជាង ១៤ ឆ្នាំកន្លងមកនេះ។ អស់រយៈពេលជិត ២ ទសវត្សរ៍មកហើយ កម្មវិធី ASEAN Business Awards (ABA) បានដើរតួនាទីជាវេទិកាដ៏សំខាន់ប្រចាំតំបន់ ក្នុងការលើកតម្កើងសហគ្រាស និងអ្នកដឹកនាំឆ្នើម ដែលមានឧត្តមភាពលើភាពជាអ្នកដឹកនាំ នវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ នៅឆ្នាំ២០២៦ នេះ កម្មវិធីពានរង្វាន់ ABA ត្រូវបានបែងចែកជា ៣ ផ្នែកធំៗ រួមមាន៖ ពានរង្វាន់ឧត្តមភាពវិស័យសមាហរណកម្មអាទិភាព (Priority Integration Sector Excellence - PIS), ពានរង្វាន់ឧត្តមភាពសហគ្រាសធុនតូច និងមធ្យម (SME Excellence) និងពានរង្វាន់ពិសេស (Special Awards)។ ជាពិសេស ពានរង្វាន់ ASEAN Gender Equality & Economic Empowerment Award (ដែលពីមុនមានឈ្មោះថាពានរង្វាន់សហគ្រិនស្ត្រី ឬ Women Entrepreneur) ត្រូវបានដាក់បញ្ចូលក្នុងផ្នែកពានរង្វាន់ពិសេស ទទួលស្គាល់ជាផ្លូវការនិង ដើម្បីផ្តល់កិត្តិយសដល់បុគ្គល សហគ្រាស ឬស្ថាប័នដែលបានបង្កើតផលជះវិជ្ជមានជាក់ស្តែង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ចតំបន់អាស៊ាន។
ជាលទ្ធផល ក្នុងចំណោមបេក្ខភាពឆ្នើមចំនួន ២០០ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន លោកស្រី ហ៊ាង អូមួយ បានទទួលពានរង្វាន់ពិសេស «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» (ASEAN Gender Equality & Economic Empowerment Award) នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ASEAN Business Awards (ABA) ឆ្នាំ២០២៦ សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការលើកកម្ពស់យុវជន និងស្ត្រីលើវិស័យបច្ចេកវិទ្យា និងការអប់រំ អស់រយៈពេលជាង ១៤ ឆ្នាំកន្លងមកនេះ។
មុនពេលក្លាយជាសហគ្រិន និងជាអ្នកអប់រំផ្នែកបច្ចេកវិទ្យាដូចសព្វថ្ងៃ លោកស្រី ហ៊ាង អូមួយ បានចាប់ផ្តើមអាជីពដំបូងជាអ្នកសរសេរកម្មវិធី (Software Programmer) ក្នុងវិស័យមួយដែលមានបុរសធ្វើការច្រើនជាងស្ត្រី។ ក្នុងរយៈពេល ៦ ឆ្នាំនៃការបម្រើការងារនៅគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ លោកស្រីបានពង្រឹងជំនាញបច្ចេកវិទ្យា និងបានមើលឃើញដោយផ្ទាល់នូវបញ្ហាប្រឈមដែលស្ត្រីជាច្រើនជួបប្រទះ ជាពិសេសកង្វះឱកាស និងការគាំទ្រ ដែលធ្វើឱ្យស្ត្រីមានសមត្ថភាពជាច្រើនសម្រេចចិត្តចាកចេញពីវិស័យនេះ។ បទពិសោធន៍នេះហើយ ដែលបានជំរុញទឹកចិត្តលោកស្រីឱ្យប្តេជ្ញាបង្កើតបរិយាកាស និងឱកាសបន្ថែម ដើម្បីឱ្យមនុស្សកាន់តែច្រើនអាចរៀនសូត្រ ចូលរួម និងរីកចម្រើនក្នុងអាជីពបច្ចេកវិទ្យា។
ក្នុងរយៈពេលជាង ១៤ ឆ្នាំមកនេះ លោកស្រីបានប្រើប្រាស់បទពិសោធន៍ផ្នែកបច្ចេកវិទ្យា ការអប់រំ និងការណែនាំ (Mentorship) ដើម្បីបង្កើតស្នាដៃជាច្រើន រួមមានការបង្កើតក្រុមហ៊ុន ADITI, ADITI Academy និង Nironcare ព្រមទាំងជាសហស្ថាបនិកនៃ Tech for Kids Academy ផងដែរ។ លើសពីនេះ លោកស្រីធ្លាប់បម្រើការជាទូតសុឆន្ទៈប្រចាំតំបន់ (Regional Ambassador) និងជាទីប្រឹក្សាប្រចាំតំបន់នៃកម្មវិធី Technovation ដែលជាកម្មវិធីជួយឱ្យកុមារីស្វែងយល់ពីបច្ចេកវិទ្យា និងសហគ្រិនភាពតាមរយៈការអនុវត្តជាក់ស្តែង។ យោងតាមប្រវត្តិការងារ ការចូលរួមរបស់លោកស្រីក្នុងកម្មវិធីនេះ បានរួមចំណែកគាំទ្រដល់កុមារីជាង ១០,០០០ នាក់ និងមានអ្នកណែនាំផ្នែកបច្ចេកវិទ្យា និងអាជីវកម្មជាង ៦០០ នាក់ចូលរួម។
លើសពីនេះលោកស្រីក៏ចូលរួមដឹកនាំបង្កើតកម្មវិធីសិក្សា AI សម្រាប់យុវតីនៅ ប្រេស៊ីល ម៉ិចស៊ីកូ ឥណ្ឌា និង នីហ្សេរីយ៉ា។ ក្រៅពីនេះលោកស្រី បានចូលក្នុងកិច្ចការលើកម្ពស់ស្រ្តី ជប៉ុន កូរ៉េ បារាំង តាមបណ្តាប្រទេសនៅលើពិភពលោក ក្នុងនាមជាបេក្ខជនបណ្ឌិត អភិបាលកិច្ច AI នៅក្នុង តូក្យូ លោកស្រីក៏បានធ្វើការងារយ៉ាងសស្រាក់សស្រាំជាមួយអ្នកស្រាវជ្រាវអន្តជាតិ ដើម្បីជួយអភិបាលកិច្ចបញ្ញាសម្បនិមិត្តនៅ អាស៊ាន និងបណ្តានៅពិភពលោកខាងត្បូងជាមួយក្រុមអ្នកស្រាវជ្រាវជប៉ុន ។ លោកស្រីក៏ធ្លាប់ទទួលពានលំដាប់ពិភពលោកដែលរើសចេញពីអ្នកដឹកនាំបច្ចេកវិទ្យាដើម្បីយុវតីពី ១០០ប្រទេស និងព្រមទាំងធ្លាប់បានពានរង្វាន់ថ្នាក់ជាតិពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្មីៗនេះ ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន ADITI លោកស្រី ហ៊ាង អូមួយ ក៏ទើបតែទទួលបានពានរង្វាន់ UN Women Women’s Empowerment Principles (WEPs) Award ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៦ ក្នុងផ្នែក «បច្ចេកវិទ្យា និង AI សម្រាប់សមភាពយេនឌ័រ» (Tech and AI for Gender Equality) ដែលជាសក្ខីភាពបញ្ជាក់បន្ថែមទៀតចំពោះបេសកកម្មរបស់លោកស្រី ក្នុងការបង្កើតឱកាសសម្រាប់ស្ត្រី និងកុមារីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា៕