ភ្នំពេញ៖ UWC Cambodia កំពុងផ្តល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ ចំនួន២នាក់ ទៅបន្តការសិក្សាថ្នាក់វិទ្យាល័យ នៅ សាលា UWC USA នៅសហរដ្ឋអាមេរិក និងUWC Robert Bosch College នៅប្រទេសអាល្លឺម៉ង់។ អាហារូបករណ៍នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការរបស់ UWC Cambodia ដើម្បីដាក់ពាក្យ បេក្ខជនត្រូវតែជាសិស្សវិទ្យាល័យដែលមានអាយុចន្លោះ ១៦ទៅ ១៨ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី១១ ឬទី១២ និងមានអាចប្រើប្រាស់ភាសាអង់គ្លេស ។ ជាមួយគ្នានេះ សិស្សដែលដាក់ពាក្យត្រូវតែ ចេះយោគយល់អធ្យាស្រ័យ គោរពគ្នាទៅវិញទៅមក ប្តេជ្ញាបង្កើតភាពវិជ្ជមានចំពោះសង្គម ព្រមទាំងអាចបត់បែនតាមបរិបទរស់នៅជាលក្ខណៈអន្តរជាតិ។
បើតាមប្រភពដដែល នៅក្នុងវគ្គដាក់ពាក្យតាមប្រព័ន្ធអនឡាញបេក្ខជនគួរត្រៀមឯកសារដូចជា ប្រវត្តិការសិក្សា ការធ្វើសកម្មនានាក្នុងសង្គម ជាមួយឯកសារយោងដែលផ្តល់ដោយគ្រូបង្រៀន ឬអ្នកដឹកនាំសកម្មភាពសង្គមដែលបេក្ខជនបានធ្វើ ព្រមទាំងមានការអនុញ្ញាតអំពីឪពុកម្តាយ ឬអាណាព្យាបាលដោយស្របច្បាប់។
គួរបញ្ជាក់ថា នៅក្នុងចំណោមសាលាទាំងពីរ គណៈកម្មការនឹងធ្វើការជ្រើសរើសសាលាមួយដែលសមស្រមសម្រាប់បេក្ខជនដើម្បីសិក្សា ហើយអាហារូបករណ៍នឹងជួយគាំទ្រដូចជា ថ្លៃសិក្សា ថ្លៃសេវាចាំបាច់ បន្ទប់ស្នាក់នៅ និងអាហារ ។ សម្រាប់ថ្លៃចំណាយនានាទៀតជាបន្ទុករបស់បេក្ខជន។ បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦៕