ភ្នំពេញ៖ លោក Olivier Cadic សមាជិកព្រឹទ្ធសភាបារាំង និងជាតំណាងពលរដ្ឋបារាំងនៅក្រៅប្រទេស នៅថ្ងៃទី១៣ ខែវិច្ឆិកា បានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភាបារាំង មកបំពេញទស្សនៈកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់អំពីសមិទ្ធផលការងារ ដំណើរការអនុវត្តមុខងារសេសសល់ និងការបន្តថែរក្សាកេរដំណែលយុត្តិធម៌របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។
យោងតាមគេហទំព័រផ្លូវការរបស់ អ.វ.ត.ក នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ មជ្ឈមណ្ឌល បានរំលេចនូវ សមិទ្ធផលសំខាន់ៗនៃការជំនុំជម្រះក្តី កេរដំណែលដែលតុលាការបានបន្សល់ទុក និងការបន្តអនុវត្តមុខងារសេសសល់តាមរយៈមជ្ឈមណ្ឌលធនធាន ទៅកាន់គណៈប្រតិភូ។ ការងារទាំងនេះផ្តោតលើការអភិរក្សឯកសារប្រវត្តិសាស្ត្រ ការថែរក្សាការចងចាំ ការអប់រំ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រវត្តិសាស្ត្រ និងយុត្តិធម៌ទៅកាន់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ។
ជាមួយគ្នា គណៈប្រតិភូបានអញ្ជើញទស្សនាសាលពិព័រណ៍អចិន្ត្រៃយ៍ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ឧទ្យានរំឭកការចងចាំ បណ្ណសារ និងបណ្ណាល័យ ដែលមានតួនាទីសំខាន់ក្នុងការអភិរក្សឯកសារ និងផ្សព្វផ្សាយកេរដំណែលរបស់ អ.វ.ត.ក. ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ យុត្តិធម៌ និងការអប់រំសម្រាប់មនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍ដោយលោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីពាក់ព័ន្ធ៕