Khmer suport khmer cc time

យុវជន១៥ក្រុម នឹងបង្ហាញដំណោះស្រាយបច្ចេកវិទ្យា ក្នុងការប្រកួតប្រជែង NASA Space Apps Challenge

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្នុងចំណោមអ្នកដាក់ពាក្យប្រមាណ ៣៤៣ នាក់ យុវជន ១៥ ក្រុម នឹងត្រូវចូលរួមក្នុងការប្រកួតប្រជែងធំរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកម្មវិធីប្រកួតប្រជែង NASA Space Apps Challenge ដែលជាកម្មវិធីប្រកួតបង្កើតដំណោះស្រាយបច្ចេកវិទ្យាប្រចាំឆ្នាំដ៏ធំបំផុតរបស់ពិភពលោក (Global Hackathon) ដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងពិភពលោក តាមរយៈការប្រើប្រាស់ទិន្នន័យបើកចំហ (Open Data) ពីទីភ្នាក់ងារអវកាស NASA និងទីភ្នាក់ងារអវកាសជាដៃគូនានា។

ឆ្នាំនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ដោយកម្មវិធី NASA Space Apps Challenge ត្រូវបានរៀបចំឡើងជាផ្លូវការនៅរាជធានីភ្នំពេញជាលើកដំបូងបង្អស់ ដែលជាជំហានដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា ក្នុងការបង្កើតឱកាសឱ្យអ្នកនវានុវត្តន៍ក្នុងស្រុកអាចបញ្ចេញសមត្ថភាពដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនៅលើឆាកអន្តរជាតិ។ សម្រាប់ការរៀបចំក្នុងឆ្នាំនេះ កម្មវិធីទទួលបានការចុះឈ្មោះចូលរួមរហូតដល់ ៣៤៣ នាក់ ដោយមានក្រុមជម្រើសចុងក្រោយចំនួន ១៥ ក្រុម ត្រូវបានជ្រើសរើសឱ្យបន្តដំណើរក្នុងការប្រកួតប្រជែង ដែលជាការប្រមូលផ្តុំយុវជនឆ្នើមប្រកបដោយជំនាញ ប្រវត្តិសិក្សា និងគំនិតច្នៃប្រឌិតចម្រុះ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាជាក់ស្តែង។

មុននឹងឈានដល់ការប្រកួតធំ កម្មវិធីក៏បានរៀបចំវគ្គតម្រង់ទិសដោយផ្ទាល់កាលពីថ្ងៃទី២៤ ខែតុលា នៅសាកលវិទ្យាល័យ ខេមតិច (CamTech University) ដោយមានអ្នកចូលរួមប្រមាណ ១០០ នាក់ បានជួបពិភាក្សាជាមួយអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) សហគ្រិនភាពបច្ចេកវិទ្យា និងគោលនយោបាយបរិស្ថាន ព្រមទាំងបានស្វែងយល់ពីប្រធានបទប្រកួតប្រជែងផ្លូវការទាំង ១៤ និងរបៀបប្រើប្រាស់ធនធានទិន្នន័យបើកចំហរបស់ទីភ្នាក់ងារអវកាស NASA។

បន្ទាប់ពីឆ្លងកាត់ដំណើរការជម្រុះយ៉ាងស្វិតស្វាញ ក្រុមបេក្ខជនចុងក្រោយទាំង ១៥ ក្រុម នឹងត្រូវចូលរួមក្នុងការប្រកួតប្រជែងធំរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអភិវឌ្ឍ និងសម្រិតសម្រាំងដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួនតាមរយៈការធ្វើការងារជាក្រុម។ ក្រុមបេក្ខជនឆ្នើមទាំង ១៥ ក្រុម ដែលបានឈានមកដល់វគ្គនេះ រួមមានក្រុម Aquarius, MOONDA, CHNAI LAB, Samputhy Khim, Grounded Futures, NASA Sakha Kampuchea, BurnScan, Singulariz, Echo, FloodWise Cambodia, QuickX, Sphinx, APSARALLAX, Thy Sethasarakvath និងក្រុម SaveEarth។

ការប្រកួតប្រជែងនេះនឹងឈានដល់វគ្គបង្ហាញស្នាដៃជាសាធារណៈ (Public Pitching Showcase) នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៥:៣០ ល្ងាច នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (AUPP Technology Center) ដែលជាឱកាសសម្រាប់សាធារណជន សិស្សនិស្សិត អ្នកអភិវឌ្ឍន៍កម្មវិធី អ្នកស្រឡាញ់បច្ចេកវិទ្យា និងថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្ម បានចូលរួមទស្សនាការធ្វើបទបង្ហាញគម្រោងផ្ទាល់ ស្វែងយល់ពីនវានុវត្តន៍ជាក់ស្តែង និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ។ ដោយសារចំនួនកៅអីមានកំណត់ អ្នកចាប់អារម្មណ៍អាចចុះឈ្មោះកក់កន្លែងចូលរួមជាមុនតាមរយៈតំណភ្ជាប់ Luma (https://luma.com/2re2r3ij)។

ដំណើរនៃការបង្កើតថ្មីនេះមិនត្រឹមតែបញ្ចប់នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ព្រោះកម្មវិធីបង្ហាញស្នាដៃនាថ្ងៃអាទិត្យនឹងត្រូវបិទបញ្ចប់ជាមួយនឹងពិធីប្រគល់ពានរង្វាន់ថ្នាក់ជាតិ (Local Award) ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតរបស់បេក្ខជន។ បន្ទាប់ពីនោះ គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានឱកាសបន្តទៅកាន់វគ្គវាយតម្លៃកម្រិតសកល (Global Judging) ដែលនឹងត្រូវត្រួតពិនិត្យដោយអ្នកជំនាញមកពីទីភ្នាក់ងារអវកាស NASA និងស្ថាប័នដៃគូ ដើម្បីប្រជែងយកពានរង្វាន់អន្តរជាតិ Global Awards ដែលជាការបង្ហាញឱ្យពិភពលោកឃើញពីសក្តានុពលរបស់យុវជនកម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាសកល។

គួររម្លឹកថា ភាពជោគជ័យនៃការនាំយកព្រឹត្តិការណ៍នេះមកកាន់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្រោមការដឹកនាំផ្តួចផ្តើមដោយប្រធានដឹកនាំកម្មវិធីប្រចាំប្រទេស គឺកញ្ញា ប៉ែន វនាថ និងអនុវត្តផ្ទាល់នៅក្នុងស្រុកដោយស្ថាប័ន Tech for Kids Academy ក្រុមហ៊ុន Toptimize និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ព្រមទាំងមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមូលនិធិ ស.អ. (CBRD Fund)៕

Khcct banner

អត្ថបទទាក់ទង