Khmer suport khmer cc time

អង្គការ U-GO ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា១០០% ចំនួន ២៥ កន្លែង សម្រាប់យុវតីកម្ពុជា នៅបាត់ដំបង និងសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការ U-GO នៃសហរដ្ឋអាមេរិក ក្រោមកិច្ចសហការ និងអនុវត្តផ្ទាល់ដោយអង្គការពុទ្ធិកុមារ (PKO) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពេញថ្លៃ ១០០% ចំនួន ២៥ កន្លែង ជូនដល់យុវតីកម្ពុជា។ គម្រោងនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ និងជួយជ្រោមជ្រែងដល់យុវតីដែលមានសមត្ថភាព ព្រមទាំងមានការប្ដេជ្ញាចិត្តខ្ពស់ ឱ្យទទួលបានឱកាសសិក្សា និងបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាដោយជោគជ័យ តាមរយៈការឧបត្ថម្ភថ្លៃសិក្សា និងការបណ្តុះបណ្តាលជំនាញទន់ចាំបាច់នានា។

ចំពោះអត្ថប្រយោជន៍នៃការទទួលបានអាហារូបករណ៍នេះ និស្សិតជ័យលាភីនឹងទទួលបានការបង់ថ្លៃសិក្សាជូនរហូតដល់ ៧៥០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៤ ឆ្នាំពេញ។ ការគាំទ្រនេះនឹងបន្តរហូតដល់បញ្ចប់ការសិក្សា សម្រាប់និស្សិតដែលខិតខំរៀនសូត្រ និងរក្សាបាននូវលទ្ធផលសិក្សាល្អ។ ក្រៅពីការឧបត្ថម្ភលើការចំណាយលើការសិក្សា និស្សិតក៏នឹងទទួលបានឱកាសចូលរួមក្នុងកម្មវិធីតម្រង់ទិស និងសកម្មភាពពង្រឹងសមត្ថភាពផ្សេងៗបន្ថែមទៀតផងដែរ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវតែជាយុវតីសញ្ជាតិខ្មែរ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬជានិស្សិតឆ្នាំទី១ ឬឆ្នាំទី២ (ថ្នាក់បរិញ្ញាបត្ររង) ហើយបានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សានៅក្នុងក្រុងបាត់ដំបង ឬក្រុងសៀមរាប។ បេក្ខនារីត្រូវមានលទ្ធផលសិក្សានៅកម្រិតមធ្យមសិក្សាល្អ ឬមានពិន្ទុមធ្យមភាគចាប់ពី ៦៥% ឡើងទៅ មានគោលដៅជីវិតច្បាស់លាស់ និងមានឆន្ទៈក្នុងការធ្វើការងារ ឬការងារស្ម័គ្រចិត្តចាប់ពីឆ្នាំទី៣ ឡើងទៅ។ លើសពីនេះ បេក្ខនារីត្រូវមានជីវភាពគ្រួសារជួបការលំបាក ខ្វះខាត ប៉ុន្តែគ្រួសារមានឆន្ទៈគាំទ្រឱ្យកូនបន្តការសិក្សា និងមានលទ្ធភាពជួយសម្រាលថ្លៃស្នាក់នៅ ហូបចុក និងការធ្វើដំណើរ។ គម្រោងនេះនឹងផ្តល់អាទិភាពពិសេសដល់បេក្ខនារីដែលរស់នៅតំបន់ជនបទ កូនកំព្រា ឬជាបុគ្គលដំបូងគេបង្អស់នៅក្នុងគ្រួសារដែលមានឱកាសបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។

គួរបញ្ជាក់ថា ការទទួលពាក្យស្នើសុំចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ និងបំពេញបាននូវលក្ខខណ្ឌខាងលើ អាចទំនាក់ទំនងដាក់ពាក្យដោយផ្ទាល់នៅការិយាល័យអង្គការពុទ្ធិកុមារ (PKO) ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ខាងក្រោយផ្សារទំនើបថ្មី បាត់ដំបង)។ សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទាក់ទងតាមរយៈទូរស័ព្ទលេខ (010 / 089) 655 672, លេខអ្នកគ្រប់គ្រង +855 76 330 9012 ឬផ្ញើសារតាមរយៈអ៊ីម៉ែល [email protected]៕

Khcct banner

អត្ថបទទាក់ទង