ភ្នំពេញ៖ មូលនិធិអាស៊ី (The Asia Foundation - TAF) បើកទទួលពាក្យសម្រាប់អ្នកជំនាញដែលមានអាយុក្រោម ៤០ឆ្នាំ មកពីអាស៊ីប៉ាស៊ីហ្វិក ដែលរួមមានកម្ពុជា ឱ្យចូលរួមកម្មវិធី Development Fellows ឆ្នាំ ២០២៧ ដើម្បីពង្រឹងជំនាញវិជ្ជាជីវៈ ភាពជាអ្នកដឹកនាំ និងយកចំណេះជំនាញមកអភិវឌ្ឍសហគមន៍ដែលខ្លួនកំពុងរស់នៅ។ នៅក្នុងកម្មវិធីនេះ បេក្ខជនដែលបានជ្រើសរើសនឹងមានឱកាសផ្លាស់ប្តូរការសិក្សានៅពីរប្រទេសគឺ សហរដ្ឋអាម៉េរិក និងប្រទេសជប៉ុន។
យោងតាមគេហទំព័ររបស់ TAF កម្មវិធីនេះគឺសម្រាប់បេក្ខជនដែលមានអាយុក្រោម ៤០ឆ្នាំ ជាប្រជាជននៅក្នុងប្រទេសអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងមានបទពិសោធន៍ និងសមិទ្ធផលល្អ នៅក្នុងវិស័យដែលខ្លួនបានធ្វើ និងអាចប្រើប្រាស់ភាសាអង់គ្លេស។ បន្ថែមពីនេះ បេក្ខជនត្រូវតែមានភាពលេចធ្លោរក្នុងភាពជាអ្នកដឹកនាំសហគមន៍របស់ខ្លួន និងអាចចូលរួមវគ្គបណ្តុះបណ្តាល រួមទាំងការផ្លាស់ប្តូរការសិក្សានានារបស់កម្មវិធី ។
បើតាមប្រភពដដែល បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានវគ្គបណ្តុះបណ្តាលទាក់ទងនឹងការអភិឌ្ឍន៍ជំនាញវិជ្ជាជីវៈរយៈពេលមួយឆ្នាំពេញ។ ក្នុងនោះ ថ្ងៃទី ១១-២០ ខែមីនា ឆ្នាំ ២០២៧ បេក្ខជននឹងត្រូវផ្លាស់ប្តូរការសិក្សានៅប្រទេសជប៉ុន ហើយទទួលបានបទពិសោធន៍ដូចជា ការទស្សនកិច្ចនៅតាមបណ្តាអង្គការ ជំនួបជាមួយអ្នកដឹកនាំសហគមន៍ អ្នកបង្កើតគោលនយោបាយ ព្រមទាំងសិក្សាអំពីការរក្សាសុខមាលភាព។ នៅ ថ្ងៃទី ៧-១៨ ខែវិច្ឆិកា ឆ្នាំ ២០២៧ បេក្ខជននឹងត្រូវចូលរួម វេទិកាសន្ទនា គោលនយោបាយជាមួយថ្នាក់ដឹកនាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅសហរដ្ឋអាម៉េរិក។ ជាចុងក្រោយ បេក្ខជនម្នាក់ៗ នឹងទទួលបាន ទឹកប្រាក់ ២៥០០ដុល្លារ ដើម្បីគាំទ្រផែនការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់ខ្លួន។
គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដែលមានអ្នកចូលរួមសរុប ១៤២នាក់ មកពី២៥ប្រទេស។ បេក្ខជនមានចំណាប់អារម្មណ៍ អាចចូលទៅអានព័ត៌មានបន្ថែម នៅក្នុង តំណភ្ជាប់ និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៦៕