Khmer suport khmer cc time

ឱកាសប្រឡងប្រជែង«សិស្សមន្ត្រីជាន់ខ្ពស់» និង«សិស្សមន្ត្រីក្រមការ» សរុប ៩៥ កន្លែង សិក្សានៅសាលាភូមិន្ទរដ្ឋបាល

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៤ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១៣ ឱ្យចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ដើម្បីបំពេញក្របខ័ណ្ឌការងារក្នុងរដ្ឋបាលសាធារណៈ សរុបចំនួន ៩៥ កន្លែង។

យោងតាមគេហទំព័រផ្លូវការនៃក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ការប្រឡងប្រជែងនេះ មានការផ្ដល់កូតាសរុបចំនួន ៩៥ កន្លែង ដោយរួមមានសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥៤ កន្លែង សម្រាប់ផ្តល់ក្របខ័ណ្ឌជូនក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងសិស្សមន្ត្រីក្រមការចំនួន ៤១ កន្លែង សម្រាប់ផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

បើតាមលក្ខខណ្ឌកំណត់ បេក្ខជនទាំងអស់ត្រូវមានសញ្ជាតិខ្មែរ ដោយបេក្ខជនសិស្សមន្ត្រីជាន់ខ្ពស់ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសមមូលឡើងទៅ មានអាយុតិចបំផុត១៨ឆ្នាំ និងច្រើនបំផុត៣៥ឆ្នាំ។ ចំណែកបេក្ខជនសិស្សមន្ត្រីក្រមការត្រូវមានសញ្ញាបត្រចាប់ពីកម្រិតមធ្យមសិក្សាទុតិយភូមិបូកពីរឆ្នាំឡើងទៅនៅថ្នាក់ឧត្តមសិក្សា ឬសមមូល និងមានអាយុយ៉ាងតិច១៨ឆ្នាំ ហើយច្រើនបំផុត២៨ឆ្នាំ។ ក្រៅពីការកំណត់លក្ខខណ្ឌអាយុទៅតាមកម្រិតសញ្ញាបត្រ និងការលើកលែងចំពោះមន្ត្រីរាជការ ឬអ្នកមានសញ្ញាបត្របណ្ឌិត គណៈកម្មការក៏បានផ្តល់ការលើកទឹកចិត្តនិងអាទិភាពពិសេសសម្រាប់ជនមានពិការភាព ស្ត្រី ជនជាតិដើមភាគតិច និងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារក្នុងរដ្ឋបាលសាធារណៈផងដែរ។

ចំពោះការចុះឈ្មោះប្រឡង បេក្ខជនដែលមានបំណងចូលរួមប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ ត្រូវចុះឈ្មោះ និងភ្ជាប់ឯកសារតម្រូវតាមរយៈគេហទំព័រ https://go.gov.kh/era/mcsehf14ca ចំណែកបេក្ខជនសិស្សមន្ត្រីក្រមការ ត្រូវចុះឈ្មោះតាមរយៈគេហទំព័រ https://go.gov.kh/era/mcskkr13a26 ដោយការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីជាកំហិត។ បន្ទាប់ពីបានចុះឈ្មោះរួច បេក្ខជនត្រូវចូលទៅពិនិត្យមើលសារឆ្លើយតបតាមរយៈតំណភ្ជាប់ https://go.gov.khvera/mcsreglogin ឬតាមរយៈអ៊ីមែលផ្ទាល់ខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរួចរាល់ ដោយត្រូវប្រកាន់ខ្ជាប់នូវការប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។

សម្រាប់សាធារណជន និងបេក្ខជនដែលមានបំណងចង់សាកសួរព័ត៌មានបន្ថែម អាចធ្វើការទាក់ទងតាមរយៈទូរស័ព្ទ ឬប្រព័ន្ធ Telegram លេខ ០៦៨ ៨០៧ ៩២៦, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០៨៦ ៥៥០ ៥៤៥ និង ០៦៩ ២៨៩ ៦៩៩ រៀងរាល់ម៉ោងធ្វើការ៕

Khcct banner

អត្ថបទទាក់ទង