ភ្នំពេញ៖ សាកលវិទ្យាល័យ Stockholm នៃប្រទេសស៊ុយអែត កំពុងប្រកាសស្វែងរកអ្នកជំនាញ ផ្នែកវិទ្យាសាស្ត្រនយោបាយដែលនៅក្នុងប្រទស វៀតណាម ឡាវ និងកម្ពុជា ឱ្យដាក់ពាក្យចូលរួមស្រាវជ្រាវអំពី Global Asia ដើម្បីជំរុញការយល់ដឹងអំពី លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅក្នុងប្រទេសទាំងបី។
យោងតាមគេហទំព័រផ្លូវការរបស់ Stockholm University បានឱ្យដឹងថា អាហារូបករណ៍នេះនឹងផ្តល់ជូននូវ ថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ និងថ្លៃចំណាយលើការស្នាក់នៅ។ បន្ថែមពីនេះ យុវជនដែលត្រូវបានជ្រើសរើស ក៏ទទួលបានកន្លែងធ្វើការ ការចូលទៅកាន់បណ្ណាល័យសាកលវិទ្យាល័យ ធនធានអេឡិចត្រូនិក និងឱកាសចូលរួមក្នុងសិក្ខាសាលាផងដែរ។បេក្ខជនអាចជ្រើសរើសវគ្គស្រាវជ្រាវពីរគឺ វគ្គទី១ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៧ និងវគ្គទី២ ចាប់ខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២៧ ហើយវគ្គទាំងពីរនេះ នឹងធ្វើឡើងនៅសាកលវិទ្យាល័យ Stockholm ប្រទេសស៊ុយអែត។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជនត្រូវបំពេញនូវឯកសារមួយចំនួនដូចជា សំណើស្រាវជ្រាវយ៉ាងច្រើន ២០០០ពាក្យ ប្រវត្តិរូបសង្ខេបទាក់ទងនឹងប្រវត្តិសិក្សា បីទំព័រ, លិខិតបញ្ជាក់ពីទំនាក់ទំនងស្ថាប័នដែលបញ្ជាក់ពីការងារ ឬមុខតំណែងនៅសាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវ។
គួរបញ្ជាក់ថា បេក្ខជនអាចជ្រើសរើសរយៈពេលស្រាវជ្រាវពី ១ខែ ដល់ ៣ខែ នៅក្នុងវគ្គទាំងពីរ។ បេក្ខជនមានចំណាប់អារម្មណ៍ អាចរៀបចំឯកសារឱ្យបានតាមតម្រូវការ ហើយផ្ញើទៅកាន់ [email protected] ជាមួយ ប្រធានបទ (Subject) “Application – Vietnam, Laos, and Cambodia Research Stipend 2027” ឱ្យបានត្រឹមថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ តំណភ្ជាប់ ៕