ភ្នំពេញ៖ វិទ្យាល័យព្រះអង្គដួង កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំប្រអប់ទូរសព្ទ" បំពាក់តាមបន្ទប់រៀននីមួយៗចាប់តាំងពីឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីពង្រឹងវិន័យ និងជួយឱ្យសិស្សានុសិស្សផ្តោតលើការសិក្សា។ ជាមួយគ្នាសិស្សត្រូវមានការអនុញ្ញាតពីលោកគ្រូអ្នកគ្រូ មុននឹងយកទូរសព្ទមកប្រើប្រាស់វិញបានពេលចប់ម៉ោងសិក្សា ឬដើម្បីស្រាវជ្រាវមេរៀន នេះបើយោងតាមការចេញផ្សាយនៅតាមគេហទំព័រផ្លូវការរបស់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។
គួរបញ្ជាក់ថា ការអនុវត្តនេះស្របតាមអនុសាសន៍របស់ សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣ វិច្ឆិកានេះ ដែលបានថ្លែងជំរុញឱ្យគ្រប់សាលារៀនរបស់រដ្ឋទាំងអស់ ត្រូវចាត់វិធានការដែលមានស្រាប់ និងដាក់ទិសដៅចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧ គ្រប់សាលារៀនរបស់រដ្ឋទាំងអស់ ត្រូវទប់ស្កាត់លុបបំបាត់សិស្សប្រើប្រាស់ «ទូរសព្ទដៃ» ក្នុងម៉ោងរៀន ដោយគ្មានការអនុញ្ញាតពីគ្រូ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នៅវិទ្យាល័យទ្រៀល”៕