Khmer suport khmer cc time

កម្ពុជារៀបចំវេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៦ ដើម្បីជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងស្ទែម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វេទិកាស្រាវជ្រាវជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅជាផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការស្រាវជ្រាវ នវានុវត្តន៍ និងការអប់រំស្ទែម (STEM) ឱ្យកាន់តែរឹងមាំ បង្កើតជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការផ្លាស់ប្តូរចំណេះដឹង ការបង្ហាញស្នាដៃស្រាវជ្រាវ និងការពិភាក្សាលើគោលនយោបាយថ្មីៗ។

វេទិកានេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំ និងការថ្លែងបទបង្ហាញគន្លឹះពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូប។ កិច្ចពិភាក្សានឹងជជែកលើប្រធានបទសំខាន់ៗចំនួនពីរ រួមមាន «ការស្រាវជ្រាវ និងការធ្វើពាណិជ្ជូបនីយកម្មនៅកម្ពុជា ពីទស្សនវិស័យនៃស្ថាប័នរដ្ឋាភិបាល» និង «ការផ្សារភ្ជាប់តម្រូវការទីផ្សារ និងការស្រាវជ្រាវ៖ វិធីសាស្ត្រ Quadruple Helix ដើម្បីនវានុវត្តន៍កម្ពុជា» ដែលជាយន្តការគន្លឹះក្នុងការតភ្ជាប់រវាងការស្រាវជ្រាវសិក្សា និងទីផ្សារអនុវត្តជាក់ស្តែង។

បើតាមប្រភពដដែល បានឱ្យដឹងថា វេទិកានេះនឹងបង្ហាញនូវអត្ថបទស្រាវជ្រាវលេចធ្លោចំនួន ២៤ ដែលផ្តោតលើវិស័យអាទិភាពចំនួនបួន រួមមាន បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ, ស្ទែម និងការស្រាវជ្រាវអនុវត្ត, ការអប់រំ ការបង្រៀន និងការរៀន, ព្រមទាំងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមឌីជីថល។ ទន្ទឹមគ្នានេះ ពិព័រណ៍ស្ទែមឧត្តមសិក្សាក៏នឹងដាក់តាំងបង្ហាញស្នាដៃ និងផលិតផលនវានុវត្តន៍ជាក់ស្តែងចំនួន ៧៦ តាមរយៈស្តង់ពិព័រណ៍ចំនួន ២៤ ដែលត្រូវបានរៀបចំឡើងរួមគ្នាដោយគ្រឹះស្ថានឧត្តមសិក្សា និងក្រុមហ៊ុនឯកជនសរុបចំនួន ១៩ ស្ថាប័ន។

គួរបញ្ជាក់ថា កម្មវិធីនេះបើកទូលាយឱ្យសាធារណជនចូលរួមដោយឥតគិតថ្លៃ សម្រាប់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និស្សិត និងតួអង្គពាក់ព័ន្ធទាំងអស់ ឱ្យមកជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ បង្កើតបណ្តាញទំនាក់ទំនង និងរួមគ្នាជំរុញការអភិវឌ្ឍនវានុវត្តន៍សម្រាប់អនាគតកម្ពុជា។ សាធារណជនដែលមានបំណងចូលរួម អាចចុះឈ្មោះតាមប្រព័ន្ធអនឡាញជាមុនតាមរយៈតំណភ្ជាប់ https://nrf.drimoeys.com/register ឬស្វែងរកព័ត៌មានលម្អិតបន្ថែមនៅលើគេហទំព័រ https://nrf.drimoeys.com៕

Khcct banner

អត្ថបទទាក់ទង