Khmer suport khmer cc time

សិក្ខាកាម៦រូប ទទួលបានការបណ្តុះបណ្តាលដោយជោគជ័យ លើ«ជំនាញអភិរក្ស និងជួសជុល»វត្ថុសិល្បៈបុរាណ ពីទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ អាជ្ញាធរជាតិអប្សរា

ភ្នំពេញ៖ សិក្ខាកាម៦រូប បានទទួលវិញ្ញាបនបត្របញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យ លើជំនាញអភិរក្ស និងជួសជុលវត្ថុសិល្បៈបុរាណ ដែលធ្វើពីលោហៈ និងកុលាលភាជន៍។ ការបណ្ដុះបណ្ដាលនេះ មានរយៈពេល២ខែ ក្រោមកិច្ចសហការរវាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ និងអាជ្ញាធរជាតិអប្សរា។

បើតាមអាជ្ញាធរជាតិអប្សរា សិក្ខាកាមទាំង៦រូប ត្រូវបានបណ្ដុះបណ្ដាលដោយផ្តោតលើបច្ចេកទេសអភិរក្សជាបឋម ដូចជា វិធីសាស្ត្រសម្អាត ជួសជុល និងទប់ស្កាត់ការខូចខាតលើវត្ថុសិល្បៈ ដែលធ្វើពីលោហៈ (សំរឹទ្ធ និងដែក) និងប្រភេទកុលាលភាជន៍ ទៅតាមបែបវិទ្យាសាស្រ្តបច្ចេកទេសយ៉ាងត្រឹមត្រូវ។ ការបង្រៀនទ្រឹស្តីទូទៅដោយស្វែងយល់ពីមូលហេតុនៃការខូចខាត និងកត្តាបំផ្លិចបំផ្លាញ មានកត្តាអាកាសធាតុ សំណើម អុកស៊ីតកម្ម និងប្រតិកម្មគីមី ទៅលើលោហៈធាតុ និងកុលាលភាជន៍។

ទន្ទឹមនឹងនេះ សិក្ខាកាម បានយល់ដឹងពីការធ្វើរបាយការណ៍ នៅមុនពេលជួលជុល កំឡុងពេលជួលជុល និងក្រោយពេលជួសជុល។ វិធីសាស្ត្រពិនិត្យវិភាគ និងកត់ត្រាស្ថានភាពដើមនៃការខូចខាតឡើងច្រែះស្នឹម ឬការសឹករេចរឹល។ បច្ចេកទេសសម្អាតតាមបែបមេកានិច(ម៉ាស៊ីនមីក្រូទស្សន៍ ម៉ាស៊ីន Air plaster ម៉ាស៊ីនផ្លុំខ្យល់ ស្កាល់ប៉ែល ចង្កាក់ឬស្សី សំឡី និងការប្រើសារធាតុគីមីមួយចំនួន (Acetone និងអាល់កុល) កម្រិតសុវត្ថិភាព។ ការស្រោបសារធាតុការពារ (Stabilization & Coating ល្បាយ BTA និងSSQ) ដើម្បីទប់ស្កាត់ការខូចខាតកើតឡើងវិញជាដើម។

លោក គីម ដុងមីន ប្រធានគម្រោងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះថា កត្តាសំខាន់បំផុតក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ គឺពឹងផ្អែកលើធនធានមនុស្ស។ បើទោះបីជាយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងឧបករណ៍ទំនើបយ៉ាងណាក៏ដោយ ប្រសិនបើ គ្មានអ្នកជំនាញដែលចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ហើយអាចផ្ទេរបច្ចេកទេសពីមនុស្សជំនាន់មុនទៅមនុស្សជំនាន់ក្រោយទេ ការអភិរក្សបេតិកភណ្ឌវប្បធម៌ ដែលប្រកបដោយចីរភាព គឺជាការពិបាកណាស់។ លោកសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ ដែលសិក្ខាកាមទាំងអស់គ្នាទទួលបានទទួលថ្ងៃនេះ នឹងយកទៅអនុវត្តនៅការដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌ នៃស្ថាប័នរៀងៗខ្លួន ព្រមទាំងមានការចែករំលែកបន្តដល់សហការីឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង