ភ្នំពេញ៖ ក្រុមនិស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាឈ្មោះ SafeChamnun ទើបតែដណ្តើមបានចំណាត់ថ្នាក់លេខ ១០ ព្រមទាំងពានរង្វាន់ឆ្នើម Excellent Award ពីកម្មវិធីប្រកួតប្រជែងករណីសិក្សាកម្រិតពិភពលោក Tsinghua Global SDG Case Competition 2026 ដែលរៀបចំឡើងនៅសាកលវិទ្យាល័យ Tsinghua ទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងការប្រកួតដែលចាប់ផ្ដើមតាំងពីខែមិថុនា រហូតដល់វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមតំណាងកម្ពុជាមួយនេះត្រូវឆ្លងកាត់ការវាយតម្លៃជាមួយគូប្រជែងសរុប ៣២៥ ក្រុម ដែលមកពីក្នុងប្រទេស និងតំបន់ចំនួន ៤៥ ដូចជាអាម៉េរិក ចក្រភពអង់គ្លេស ចិន ជប៉ុន សិង្ហបុរី និងអូស្ត្រាលីជាដើម។
លទ្ធផលនេះកើតចេញពីការលើកយកបញ្ហាជាក់ស្ដែងនៅកម្ពុជាទៅដោះស្រាយ ដោយ SafeChamnun បានជ្រើសរើសប្រធានបទស្រាវជ្រាវគោលនយោបាយសាធារណៈស្ដីពី «ពីការឆ្លើយតបក្រោយពេលមានគ្រោះមហន្តរាយ ទៅកាន់ការព្យាករណ៍ជាមុន៖ ការគ្រប់គ្រងប្រព័ន្ធព្រមានជាមុនអំពីទឹកជំនន់ដោយប្រើបញ្ញាសិប្បនិម្មិតនៅតំបន់អាងទន្លេមេគង្គក្រោម»។ ក្រុម SafeChamnun បានយកព្រឹត្តិការណ៍ទឹកជំនន់ធ្ងន់ធ្ងរដែលធ្លាប់កើតឡើងកាលពីខែតុលា ឆ្នាំ២០២០ មកធ្វើជាករណីសិក្សា ដើម្បីស្វែងរកវិធីកែលម្អប្រព័ន្ធផ្ដល់ដំណឹងទាន់ហេតុការណ៍។ គម្រោងនេះមិនត្រឹមតែសម្លឹងមើលលទ្ធភាពនៃការទាញយកបច្ចេកវិទ្យា AI ដូចជា Google Flood Hub មកប្រើប្រាស់បន្ថែមលើប្រព័ន្ធព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ (MRC) និងប្រព័ន្ធ EWS1294 ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតលើការគ្រប់គ្រងទិន្នន័យឱ្យមានប្រសិទ្ធភាព និងភាពច្បាស់លាស់មុនពេលបញ្ជូនទៅដល់ដៃពលរដ្ឋ។
នៅពីក្រោយស្នាដៃនេះ គឺជាការសហការគ្នារវាងអ្នកស្រាវជ្រាវ និងយុវជនមកពីសាកលវិទ្យាល័យផ្សេងគ្នា ដោយមានលោក ឡុង បរិញ្ញា សាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជាទីប្រឹក្សា។ សមាជិកក្នុងក្រុមរួមមានលោក តូច ឥនសុភា ជាប្រធានក្រុម ជានិស្សិតសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និងជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រទិន្នន័យនៅក្រុមហ៊ុនឯកជនមួយ រួមជាមួយនិស្សិតសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ពីររូបទៀត គឺកញ្ញា ឈិត ហេឡែន អ្នកឯកទេសផ្នែករចនានៅក្រុមហ៊ុនឯកជនមួយ និងលោក ឡាយ គាងឡេង ជាអ្នកបង្កើតមាតិកា។ ការរួមផ្សំគ្នារវាងការវិភាគទិន្នន័យ ការរចនា និងការប្រាស្រ័យទាក់ទង បានធ្វើឱ្យការសិក្សាស្រាវជ្រាវបែបគោលនយោបាយមួយនេះ មានភាពស៊ីជម្រៅ ច្បាស់លាស់ និងឆ្លើយតបចំតម្រូវការជាក់ស្ដែង។
ចំណុចសំខាន់ដែលធ្វើឱ្យគម្រោង SafeChamnun ទទួលបានការវាយតម្លៃខ្ពស់ គឺការមិនពឹងផ្អែកលើបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែបានគិតគូរដល់ការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ និងការការពារមនុស្ស។ ពួកគេបានស្នើឱ្យមានការត្រួតពិនិត្យពីមនុស្សជាក់ស្តែង ដោយឱ្យក្រសួងធនធានទឹក និងឧតុនិយមជាអ្នកផ្ទៀងផ្ទាត់ទិន្នន័យ AI ខណៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកសម្របសម្រួល និងចេញសេចក្តីព្រមានផ្លូវការ។ លើសពីនេះ ក្រុមការងារបានគិតគូរដល់ប្រជាពលរដ្ឋនៅតំបន់ជនបទដែលមិនសូវមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ដោយស្នើឱ្យបញ្ជូនដំណឹងអាសន្នតាមរយៈការខលទូរសព្ទ សារ SMS វិទ្យុ និងមេក្រូផ្សាយសំឡេងតាមភូមិ ព្រមទាំងស្នើឱ្យមានការសាកល្បងអនុវត្តនៅខេត្តដែលមានហានិភ័យខ្ពស់ដូចជាខេត្តបាត់ដំបងជាដើម។
ទោះបីជា SafeChamnun ស្ថិតក្នុងកម្រិតករណីសិក្សាស្រាវជ្រាវ និងមិនទាន់ក្លាយជាប្រព័ន្ធផ្លូវការដែលរដ្ឋាភិបាលដាក់ឱ្យដំណើរការក៏ដោយ ក៏គម្រោងនេះបានឆ្លុះបញ្ចាំងពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ រួមមានសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពសហគមន៍ នវានុវត្តន៍បច្ចេកវិទ្យា និងការការពារសន្តិសុខស្បៀង។ ការឈានជើងចូលក្នុងចំណោមក្រុមឆ្នើមទាំង ១០ លើឆាកអន្តរជាតិ បានបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រឈមក្នុងស្រុកអាចក្លាយជាប្រធានបទស្រាវជ្រាវកម្រិតសកល ហើយយុវជនកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកបច្ចេកវិទ្យា និងការស្រាវជ្រាវ មកជួយដោះស្រាយបញ្ហាសង្គមជាក់ស្តែង៕