ភ្នំពេញ៖ យុវជនកម្ពុជា ២រូប រួមជាមួយយុវជនមកពីតំបន់អាស៊ានផ្សេងទៀត នឹងចូលរួមក្នុងវេទិកាថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-អូស្ត្រាលី (ASEAN-Australia Young Leaders Forum) ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ ពិភាក្សាផ្តោតទៅលើសហគ្រិនភាព ការច្នៃប្រឌិត ដែលជះផលវិជ្ជមានសម្រាប់តំបន់អាស៊ាន និងប្រទេសអូស្ត្រាលី។
យុវជនកម្ពុជា២រូប មានឈ្មោះ លោក នឿន ចិត្រា និងកញ្ញា ឡន សុគន្ធាពិដោរ នឹងតំណាងកម្ពុជា រួមជាមួយយុវជនដទៃទៀតមកពីប្រទេសអូស្ត្រាលី ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម សរុប៣០រូប នឹងចូលរួមក្នុងវេទិកាថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-អូស្ត្រាលី (ASEAN-Australia Young Leaders Forum) នៅប្រទេសសិង្ហបុរី។
យុវជនតំណាងប្រទេសទាំងអស់ មកពីគ្រប់វិស័យ រួមមាន៖ សហគ្រិន អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ អ្នកជំនាញវិជ្ជាជីវៈ និងបុគ្គលដែលបង្កើតការផ្លាស់ប្តូរវិជ្ជមាន ដែលសុទ្ធតែត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញវឌ្ឍនភាពនៅក្នុងតំបន់អាស៊ាន-អូស្ត្រាលី ។ យុវជនដែលនឹងចូលរួម នឹងពិភាក្សាលើប្រធានបទ «សហគ្រិនភាព ការច្នៃប្រឌិត និងផលប៉ះពាល់សង្គម» ដែលនឹងជំរុញឱ្យមានគំនិតថ្មីៗ និងបង្កើតដំណោះស្រាយសម្រាប់ថ្ងៃអនាគត សម្រាប់តំបន់អាស៊ាន និងប្រទេសអូស្ត្រាលី។ តាមរយៈវេទិកានេះ យុវជននឹងរួមគ្នាស្វែងយល់ថា តើសហគ្រិនភាព ការច្នៃប្រឌិត និងផលប៉ះពាល់សង្គម អាចជួយរៀបចំអនាគតសម្រាប់អាស៊ាន និងអូស្ត្រាលី ឱ្យកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា និងមានបរិយាបន្ន (inclusive) យ៉ាងដូចម្តេចខ្លះ៕