Khmer suport khmer cc time

សិស្សឆ្នើមកម្ពុជាពីររូប ជាប់អាហារូបករណ៍អាស៊ាន ឆ្នាំសិក្សា២០២៧ ទៅបន្តការសិក្សានៅសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សឆ្នើមកម្ពុជាចំនួនពីររូប គឺសិស្ស សា សុខឫទ្ធិធិ និង សុខ មុន្នីកិត្យា ទទួលបានអាហារូបករណ៍អាស៊ាន សម្រាប់ឆ្នាំសិក្សា ២០២៧ ដើម្បីបន្តការសិក្សានៅប្រទេសសិង្ហបុរី។ តាមរយៈអាហារូបករណ៍នេះ យុវសិស្ស សា សុខឫទ្ធិធិ នឹងចូលរៀននៅវិទ្យាស្ថាន Raffles (Raffles Institution) ខណៈដែលយុវសិស្ស សុខ មុន្នីកិត្យា នឹងបន្តការសិក្សានៅសាលា Anglo-Chinese School (ឯកជន)។

អាហារូបករណ៍អាស៊ាន ដែលគ្រប់គ្រងដោយក្រសួងអប់រំសិង្ហបុរី គឺជាកម្មវិធីអាហារូបករណ៍ដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដោយជ្រើសរើសសិស្សឆ្នើមៗមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យបន្តការសិក្សាកម្រិតមធ្យមសិក្សា និងមុនឧត្តមសិក្សានៅក្នុងស្ថាប័នអប់រំល្បីៗ។ ការទទួលបានអាហារូបករណ៍នេះ ជាឱកាសដ៏ប្រសើរក្នុងការក្រេបជញ្ជក់ចំណេះដឹង និងបង្កើតបទពិសោធន៍សិក្សាដ៏មានអត្ថន័យនៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ពិធីប្រគល់អាហារូបករណ៍ដ៏មានកិត្តិយសនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ ក្រោមការចូលរួមពី លោក ស្ទីវិន ផាំង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ព្រមទាំងមានវត្តមានភ្ញៀវកិត្តិយសជាន់ខ្ពស់ចូលរួមផងដែរ រួមមាន លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ និងលោក បាន់ សុខវិបុល អគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងក្រុមគ្រួសារ និងមិត្តភក្តិរបស់សិស្សទាំងពីររូប៕


Khcct banner

អត្ថបទទាក់ទង