ភ្នំពេញ៖ កម្មវិធី “Tax Symposium 2026” ត្រូវបានរៀបចំឡើងដោយក្រុមនិស្សិតផ្នែកពន្ធដារ ក្នុងគោលបំណងលើកកម្ពស់លើកកម្ពស់ចំណេះដឹង ការជ្រើសរើសជំនាញ និងអាជីពនៅក្នុងវិស័យពន្ធដារ សម្រាប់យុវជន តាមរយៈការចែករំលែកពីវាគ្មិន ពីស្ថាប័នរដ្ឋ និងឯកជន ដែលមានជំនាញជាច្រើនឆ្នាំនៅក្នុងវិស័យពន្ធដារ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ជាមួយគ្នា ចំពោះយុវជន ដែលចូលរួមនៅក្នុង “Tax Symposium 2026” នឹងទទួលបានអត្ថប្រយោជន៍ដូចជា យល់ដឹងអំពីតួនាទី ការរំពឹងទុក និងការងារជាក់ស្តែងប្រចាំថ្ងៃរបស់មន្ត្រីពន្ធដារ ឬអ្នកសវនករពន្ធដារ និងអ្នកប្រឹក្សាយោបល់ផ្នែកពន្ធដារនៅក្នុងប្រទេសកម្ពុជា ពីអាជ្ញាធរពន្ធដាររដ្ឋ (អគ្គនាយកដ្ឋានពន្ធដារ - GDT) និងក្រុមហ៊ុនផ្នែកពន្ធដារនៅក្នុងវិស័យឯកជន ព្រមទាំងអាចបង្កើតបណ្តាញទំនាក់ទំនង ជាមួយនឹងអ្នកជំនាញផ្នែកពន្ធដារដែលមានបទពិសោធន៍ផងដែរ។ ចំពោះយុវជន មានចំណាប់អារម្មណ៍អាចចុះឈ្មោះ តាម តំណភ្ជាប់ ។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីវាគ្មិនកិត្តិយស បីរូប រួមមាន៖ លោក អេង ដេវីត ដែលមានបទពិសោធន៍ ៥ ឆ្នាំ លើផ្នែកគណនេយ្យ ការគ្រប់គ្រងធនធានមនុស្ស និងការសវនកម្មពន្ធដារ ហើយបច្ចុប្បន្ននេះ និងជាសមាជិកនៃគណៈកម្មាធិការគម្រោងកែទម្រង់ធនធានមនុស្ស នៃអគ្គនាយកដ្ឋានពន្ធដារ, លោក ឡេង ច័ន្ធរង្សី ជាអនុប្រធានផ្នែកពន្ធដារ និងជាអ្នកជំនាញហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ឯកទេសជាង ៩ ឆ្នាំ លើការប្រកាសពន្ធ ការរៀបចំផែនការពន្ធដារ ការប្រឹក្សាយោបល់ផ្នែកពន្ធដារ និងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន, និងលោក ហ៊ី សុខឡេង ជាមន្រ្តីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារនិងធ្លាប់ជាសាវនករនៅក្រុមហ៊ុនមួយកន្លែង។ វាគ្មិនទាំងបីរូប នឹងបកស្រាយលើប្រធានបទ “Career path of Tax Officer”។
គួរបញ្ជាក់ថា កម្មវិធីរៀបចំឡើងដោយនិស្សិតនៅក្នុង ក្លឹបពន្ធដារនៃវិទ្យាស្ថានខេមអេថ ដែលក្លឹបនេះត្រូវបានបង្កើតឡើងចាប់តាំងឆ្នាំ ២០២១ មកម្លេះ៕