Khmer suport khmer cc time

កញ្ញា សាមជឹម ជួនសុហ្រឹទសិរី ៖ ការផ្លាស់ប្តូរការសិក្សាមិនមែនជាការស្គាល់ប្រទេសក្រៅទេ តែជាការរៀនជំនាញថ្មី និងបង្កើតបណ្តាញយុវជន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ កញ្ញា សាមជឹម ជួនសុហ្រឹទសិរី គឺជាយុវតីមួយរូប ក្នុងចំណោម ៧រូប​ ដែលបានចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា SEALNet Youth Leadership Summit នៅក្នុងខេត្តហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ ក្នុងរយៈពេល ១សប្តាហ៍នៃការផ្លាស់ប្តូរការសិក្សា កញ្ញាបានរៀនសូត្រជាច្រើនអំពីភាពខុសគ្នា នៃភាពជាអ្នកដឹកនាំ និងការបង្កើតបណ្តាញជាមួយយុវជនដទៃ  ហើយកញ្ញាយល់ថា ក្រៅពីការស្គាល់នូវប្រទេសថ្មីមួយ ការផ្លាស់ប្តូរការសិក្សា គឺជាការរៀនពីជំនាញថ្មី និងការកសាងទំនាក់ទំនងជាមួយយុវជនមកពីប្រទេសផ្សេងៗគ្នា។

កញ្ញា ជួនសុហ្រឹទសិរី គឺជា អ្នកប្រឹក្សា មជ្ឈមណ្ឌលស្នេហា ហើយក៏ជានិស្សិតមួយរូប ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកចិត្តវិទ្យា និងភាសាអង់គ្លេសផ្នែកទំនាក់ទំនង នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ កញ្ញា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ ថានេះជាកម្មវិធីផ្លាស់ប្តូរការសិក្សា ទីមួយដែលកញ្ញាបានចូលរួម។ ស្របគ្នា កញ្ញាបានដឹងពីកម្មវិធីមួយនេះ តាមរយៈការស្វែងរកដោយខ្លួនឯងនៅក្នុងអ៊ីនធឺណេត។

កញ្ញា សិរី បាន​ឱ្យដឹងថា SEALNet Youth Leadership Summit គឺជាកម្មវិធីផ្លាស់ប្តូរការសិក្សា ដែលផ្តល់ឱកាសឱ្យយុវជន មកពីប្រទេសក្នុងអាស៊ីអាគ្នេយ៍ មកប្រមូលផ្តុំគ្នា សិក្សាផ្តោតទៅលើភាពជាអ្នកដឹកនាំ បែបបម្រើ ។ “ភាពជាអ្នកដឹកនាំបែបបម្រើ - Servant Leadership” គឺជាកាបណ្តុះឱ្យយុវជន អាចប្រើប្រាស់ភាពជាអ្នកដឹកនាំរបស់យុវជន ដោយមិនមែនគ្រាន់តែមានយុវជនជាអ្នកដោះស្រាយបញ្ហាសហគមន៍នោះទេ ពោលគឺជាការសហការរវាងយុវជន ដែលជាអ្នកផ្លាស់ប្តូរ ជាមួយនឹងប្រជាជននៅក្នុងសហគមន៍ដែលមានបញ្ហា ដោះស្រាយបញ្ហាជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។

យុវតី រូបនេះ បន្តថា ការសិក្សាពី ភាពជាអ្នកដឹកនាំបែបបម្រើនេះ បានធ្វើឱ្យកញ្ញាបានយល់ពីរូបភាពថ្មីមួយទៀតនៃភាពជាអ្នកដឹកនាំ ដែលមានអត្ថប្រយោជន៍សម្រាប់សម្រាប់ការអភិវឌ្ឍន៍។ បន្ថែមពីនេះ កម្មវិធីក៏មានវគ្គបណ្តុះបណ្តាលអំពីការរបៀបធ្វើគម្រោងផ្សេងៗបែបលម្អិត ព្រមទាំងការរៀបចំផែនការមុននឹងការធ្វើគម្រោងឡើងមក។ ជាមួយគ្នា យុវជនដែលចូលរួម ក៏អាចស្គាល់ខ្លួនឯង ស្គាល់គ្នាទៅវិញទៅមក មានភាពស្និទ្ធស្នាលជាមួយគ្នា និងអាចរៀនអំពីការដោះស្រាយបញ្ហាផងដែរ។ ជាពិសេស យុវជនទាំងអស់ ក៏អាចដឹកនាំគម្រោងដោយខ្លួនឯង និងដាក់ពាក្យសម្រាប់គម្រោង SEALNet summer project  ក្រោយពីការផ្លាស់ប្តូរការសិក្សាផងដែរ។

ជាមួយគ្នា មានយុវជនកម្ពុជា ៧នាក់ដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា រួមទាំង កញ្ញា សិរី ។ ក្នុងនោះរួមមាន យុវជន សោម ឈុនបញ្ញា, លី រចនា, អន ដាឡែន, ស៊ុ ព្រឹទ្ធីរចនា, សៀង អ៊ីចា, និងយុវជន ស៊ន វិទូរ។

យុវជន ស៊ន វិទូរ បានប្រាប់មកកាន់ស៊ីស៊ីថាមស៍ថា “ ខ្ញុំយល់ថា SEALNET YLS2 គឺជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ដ៏ល្អមួយសម្រាប់យុវជន ដើម្បីរៀនសូត្រ ផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធន៍។ តាមរយៈការពិភាក្សា និងការស្តាប់បទបង្ហាញនានា ខ្ញុំបានរៀនដឹងអំពី «ភាពជាអ្នកដឹកនាំបែបបម្រើ» (Servant Leadership) និងសកម្មភាពផ្សេងៗដែលយុវជនរបស់យើងចង់ចូលរួមធ្វើដើម្បីបម្រើសហគមន៍” ។

នៅក្នុងបទសម្ភាសនេះ កញ្ញា បានចែករំលែកអំពីគន្លឺះមួយចំនួន ទៅកាន់ យុវជនដែលមានបំណងចង់ផ្លាស់ប្តូរការសិក្សានៅក្នុងកម្មវិធីនេះដែរ។ ដោយសារ តែការដាក់ពាក្យមានពីដំណាក់កាល ពោលគឺការដាក់ពាក្យតាមអនឡាញ និងការម្ភាស, កញ្ញាណែនាំ ឱ្យអ្នកដាក់ពាក្យ ព្យាយាមសរសេរពាក្យឱ្យបានល្អ ដោយរៀបរាប់អំពីឬសគល់នៃបញ្ហា មូលហេតុនៃការដោះស្រាយបញ្ហា ការដោះស្រាយតាមដំណាក់កាល និងបង្ហាញអំពីមេរៀនដែលយុវជនអាចរៀនបានឱ្យបានក្បោះក្បាយ និងច្បាស់ៗ នៅក្នុងវគ្គបំពេញ។ សិរី បន្តថា ចំពោះវគ្គសម្ភាស រាល់សំណួរមានភាពទាក់ទងនឹងវគ្គទីមួយ ដែលទាមទារឱ្យយុវជនត្រៀមខ្លួនឱ្យបានល្អ។ កញ្ញាបន្តថា បន្ទាប់ពីជាប់វគ្គជម្រុះទាំងពីរ មុននឹងទៅចូលរួមកម្មវិធី យុវជនដែលចូលរួមត្រូវធ្វើសកម្មភាពមួយទៀត គឺការរៃអង្គាសថវិការដើម្បីចូលរួ​មកម្មវិធី តាមបែបផែនផ្សេងៗគ្នា ដោយមានការសម្របសម្រួលអំពីសមាជិកស្នូលនៃកម្មវិធី។ កញ្ញាមិនយល់ថា វាជាការទាមទារ ​និងការគាប់សង្កត់ទេ តែវាជាមេរៀនថ្មីមួយទៀតសម្រាប់យុវជន។​

ជាចុងក្រោយ កញ្ញា សំណូមពរឱ្យយុវជនដែលមានបំណងចង់ផ្លាស់ប្តូរការសិក្សាកម្មវិធីនានា កុំឆាប់បាក់ទឹកចិត្តអំពីភាពមិនជោគជ័យនៃការដាក់ពាក្យ ព្រោះវាជាការប្រកួតប្រជែងនៅក្នុងចំណោមអ្នកខ្លាំង ហើយត្រូវយកវាជាមេរៀន ព្រមទាំងព្យាយាមស្វែងយល់ពីចំណុចខ្សោយ និងបន្តអភិវឌ្ឍខ្លួន ដើម្បីឱកាសបន្តទៀត។

គួរបញ្ជាក់ថា នៅក្នុងចំណោមយុវជន ១៧នាក់ ដែលមកពី ៧ប្រទេសនៅក្នុងអាស៊ាន យុវជនកម្ពុជាមានចំនួនច្រើនជាងគេ ពោលគឺ ៧នាក់។ ក្រៅពីនេះ មានយុវជន ៣នាក់, ឡាវ ៣នាក់, មីយ៉ាន់ម៉ា ១នាក់, ហ្វីលីពីន នាក់, ម៉ាឡេស៊ី ១នាក់, និង ទីម័រឡេស្តេ ១នាក់៕

Khcct banner

អត្ថបទទាក់ទង