Khmer suport khmer cc time

សិស្សកម្ពុជា ១១ រូប បានដើរចូលទីលានជាមួយកីឡាករ Real Madrid និងចូលជួបប្រធានក្លឹបនៅកីឡដ្ឋាន Bernabéu

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព​៖ គេហទំព័រផ្លូវការនៃ Real Madrid C.F.

អេស្បាញ៖ សិស្ស១១រូប មកពីសាលាកីឡាសង្គម នៅខេត្តបាត់ដំបង របស់មូលនិធិ Real Madrid នៃប្រទេសកម្ពុជា បានរួមដំណើរជាមួយកីឡាករ Real Madrid ចូលទៅក្នុងទីលាន Bernabéu មុនពេលការប្រកួតទល់នឹងក្រុម Villarreal ចាប់ផ្ដើម កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ ព្រមទាំងជួបជាមួយ លោក Florentino Pérez ប្រធានក្លឹប Real Madrid និង សម្តែងរបាំប្រពៃណីខ្មែរ នៅទីនោះផងដែរ។

យោងតាមគេហទំព័រផ្លូវការនៃ Real Madrid C.F. បានឱ្យដឹងថា យុវសិស្សទាំង១១រូប គឺជាផ្នែកមួយនៃក្រុមអ្នកទទួលផលពីគម្រោងរបស់មូលនិធិនៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ។ នៅថ្ងៃទី២២ តុលា ២០២៦ នេះ សិស្សានុសិស្សមកពីបណ្ដាញសាលារៀន ដែលបង្កើតឡើងដោយមូលនិធិ Real Madrid Foundation នៅប្រទេសកម្ពុជា បានមកកាន់កីឡដ្ឋាន Santiago Bernabéu ជួបជាមួយលោក Florentino Pérez ប្រធានក្លឹប Real Madrid ។

បើតាមប្រភពដដែល នៅក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សទាំង១១រូប បានសម្តែងរបាំប្រពៃណីខ្មែរ ថតរូបអនុស្សាវរីយ៍ជាមួយលោកប្រធានក្លឹប និងពានរង្វាន់ជើងឯកអឺរ៉ុប (European Cups) ទាំង ១៥ ព្រមទាំងបានចូលរួមទស្សនាកម្សាន្តទូទាំងកីឡដ្ឋានតាមរយៈកម្មវិធី Bernabéu Tour ផងដែរ។

គួររម្លឹកថា សាលាមូលនិធិ Real Madrid នៅកម្ពុជា (Real Madrid Foundation schools in Cambodia) ដែលស្ថិតនៅផ្នែកមួយនៃគម្រោងដែលបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល Sauce និងព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។ គម្រោងនេះមានគោលបំណងប្រើប្រាស់កីឡា ជាពិសេសបាល់ទាត់ ជាមធ្យោបាយលើកកម្ពស់ការចូលរួមក្នុងសង្គម ការអប់រំ និងការផ្តល់ឱកាសដល់កុមារ និងយុវជន ដើម្បីអភិវឌ្ឍសមត្ថភាព និងរៀនរស់នៅជាមួយគ្នាប្រកបដោយសាមគ្គីភាព៕

Khcct banner

អត្ថបទទាក់ទង