ភ្នំពេញ៖ ការប្រកួតផែនការគម្រោង «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦ បានរកឃើញម្ចាស់ជ័យលាភីបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ដែលរួមមាន ជ័យលាភីលេខ១ បានទៅលើគម្រោង គ្រាប់ស្វាយចន្ទីមេមត់ របស់សិស្សមកពីខេត្តត្បូងឃ្មុំ ខណៈជ័យលាភីលេខពីរ បាលទៅលើគម្រោង អាហារបួសសុខភាព របស់សិស្សមកពីខេត្តពោធិ៍សាត់ និងជ័យលាភីលេខ៣ បានទៅលើ គម្រោង ដូងវេទមន្តខេត្តបាត់ដំបង របស់សិស្សមកពីខេត្តបាត់ដំបង។
យោងតាមគេហទំព័រផ្លូវការរបស់ក្រួងអប់រំ វគ្គផ្តាច់ព្រ័ត្រនេះ បានធ្វើឡើងនៅក្នុងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជននៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមជាអធិបតីដោយលោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ ថ្នាក់ដឹកនាំនាយកដ្ឋាន គណៈកម្មការដាក់ពិន្ទុ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូដឹកនាំ តំណាងដៃគូសហការ និស្សិត និងយុវជនកម្មវិធី មកពី ៥ខេត្ត ចំនួន ៣០នាក់ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
បើតាមប្រភពដដែល កម្មវិធី «អាជីវកម្មខ្ញុំ» រៀបចំឡើងដើម្បីគាំទ្រយុវជនដែលមានក្ដីស្រមៃ និងចំណង់ចំណូលចិត្តក្នុងការធ្វើអាជីវកម្ម ឱ្យអភិវឌ្ឍផ្នត់គំនិត និងបំណិនសហគ្រិនភាព ព្រមទាំងចេះទទួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។ ក្នុងនោះ ក្រុមយុវជនដែលចូលរួមប្រកួតក៏ទទួលបានការបណ្ដុះបណ្ដាលជំនាញសរសេរផែនការអាជីវកម្ម ការចុះសិក្សា និងអនុវត្តជាក់ស្ដែងនៅតាមទីតាំងអាជីវកម្ម និងក្រុមហ៊ុន ព្រមទាំងការបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងចំនួន ២វគ្គ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ។
គួរបញ្ជាក់ថា សិស្សានុសិស្សចូលរួមប្រកួតទាំងអស់ សុទ្ធសឹងជាសិស្សថ្នាក់ទី១១ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាល និងវគ្គជម្រុះជាច្រើនលើក ហើយមានបេក្ខជន ៥ក្រុមដែលមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ដែលរួមមាន គម្រោងអាជីវកម្ម «ងាវប្រែរូប» មកពីខេត្តកែប, គម្រោងអាជីវកម្ម «ដូងវេទមន្តបាត់ដំបង» មកពីខេត្តបាត់ដំបង, គម្រោងអាជីវកម្ម «អាហារបួសសុខភាព» មកពីខេត្តពោធិ៍សាត់, គម្រោងអាជីវកម្ម «ការអភិវឌ្ឍខ្យងប័រប៉ៃលិន» មកពីខេត្តប៉ៃលិន, និងគម្រោងអាជីវកម្ម «គ្រាប់ស្វាយចន្ទីមេមត់» មកពីខេត្តត្បូងឃ្មុំ៕