ព្រៃវែង៖ សាលារៀនភាសាចិនវ័យចំណាស់ ប្រចាំខេត្តព្រៃវែង គឺសាលារៀន ជុងទី នៅថ្ងៃទី ២៣ តុលានេះ បានបើកសម្ពោធជាផ្លូវការនូវអគារសិក្សាថ្មីកម្ពស់ ៤ជាន់ ចំនួន ២០បន្ទប់ ក្រោមអធិបតីភាពរបស់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ,លោក ជាំង ណាន (JIANG Nan) ភារធារីស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និង សប្បុរសជនជាច្រើនរូប។
អគារសិក្សាថ្មីនេះមានកម្ពស់ ៤ជាន់ចំនួន ២០បន្ទប់ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ ដោយបានកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាជាច្រើន រួមមានអគារសិក្សា បណ្ណាល័យ អគារស្នាក់នៅ និងការកែលម្អបរិវេណសាលា ដោយចំណាយថវិកាសរុបជាង ៥០ម៉ឺនដុល្លារ ដើម្បីបង្កើនសមត្ថភាពទទួលសិស្ស និងលើកកម្ពស់គុណភាពអប់រំភាសាចិននៅកម្ពុជា។
ភារធារីស្ថានទូតចិនប្រចាំកម្ពុជា លោក ជាំង ណាន (JIANG Nan) បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផលថ្មីនេះ ជាមួយការប្តេជ្ញាចិត្តបន្តគាំទ្រការអភិវឌ្ឍការអប់រំភាសាចិននៅកម្ពុជា។សម្រាប់លោក ជាំង ណាន បន្តថា កាលពីខែឧសភាកន្លងទៅ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានចុះទស្សនកិច្ចនៅសាលាភាសាចិន ជុងទី និងបានជួយសម្របសម្រួលការផ្តល់ជំនួយ សម្រាប់ទិញឧបករណ៍បង្រៀន។
គួរបញ្ជាក់ថា សាលាភាសាចិន ជុងទី មានទីតាំងនៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ធ្លាប់ផ្អាកដំណើរការដោយសារសង្គ្រាម ហើយបានបើកបង្រៀនឡើងវិញនៅឆ្នាំ ១៩៩២ ក្រោមការគាំទ្រពីសហគមន៍ខ្មែរ-ចិន អតីតសិស្ស និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
ក្នុងពិធីសម្ពោធថ្នាក់ដឹកនាំសាលារៀន ជុងទី បានថ្លែងអំណរគុណដល់សប្បុរសជន និងសហគមន៍ខ្មែរ-ចិន ដែលបានចូលរួមគាំទ្រការសាងសង់អគារសិក្សាថ្មី ព្រមទាំងប្តេជ្ញាបន្តពង្រឹងគុណភាពអប់រំ ដើម្បីផ្តល់ឱកាសសិក្សាកាន់តែល្អប្រសើរដល់សិស្សានុសិស្ស៕