ភ្នំពេញ៖ ក្រសួងកិច្ចការនារី កំពុងរៀបចំកម្មវិធីប្រកួតបង្កើត និងនិទានរឿងតាមរយៈរូបភាព ក្រោមប្រធានបទ «វិនិយោគលើក្មេងស្រី៖ ពង្រឹងសិទ្ធិបង្កើនឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៌ពិពាហ៌នៅវ័យក្មេង ដើម្បីឈានទៅសម្រេចបាននូវសង្គមដែលមានអារ្យធម៌ខ្ពស់» ដើម្បីអបអរ ទិវាអន្តរជាតិក្មេងស្រី។ កម្មវិធីប្រកួតនេះ បើកទទួលពាក្យសម្រាប់សាធារណជន ចាប់ពី ១៥ឆ្នាំឡើងទៅ រហូតដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងកិច្ចការនារី បេក្ខជនទាំងអស់ត្រូវផលិតវីដេអូ ស្របទៅតាមលក្ខខណ្ឌដូចជា បេក្ខជនត្រូវប្រើប្រាស់គំនិត ភាពឆ្នៃប្រឌិត និងទេពកោសលរបស់ខ្លួនក្នុងការផលិត ព្រមទាំងមិនត្រូវប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការជួយបង្កើតសាច់រឿងឡើយ។ ជាមួយគ្នានេះ បេក្ខជនមិនត្រូវយករូបថតអ្នកដទៃ ឬទិញរូបថតពីអ៊ីនធឺណេត និង ត្រូវធានាថា រូបថតនីមួយៗដែលយកមកប្រើប្រាស់មិនមានជាប់បញ្ហាកម្មសិទ្ធបញ្ញា ឬប៉ះពាល់ដល់សិទ្ធិឬឯកជនភាពរបស់អ្នកដទៃ។ ជាចុងក្រោយ ត្រូវរៀបចំរូបភាព និងសាច់រឿង ឱ្យមានភាពស៊ីគ្នា និងបង្កើតចេញជាសាច់រឿងមួយដែលមានភាពទាក់ទាញ ព្រមទាំងមិនអាចប្រើប្រាស់រូបភាពលើសពី៦សន្លឹក។
គួរបញ្ជាក់ថា បេក្ខជនអាចផលិតវីដេអូដោយប្រើប្រាស់បានទាំងកាមេរ៉ាឌីជីថល និងទូរស័ព្ទដៃ។ ចំពោះបេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ហើយសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់តេឡេក្រាមលេខ ០៩៣ ៦៦ ៧៧ ៨៣៕