ភ្នំពេញ៖ កម្មវិធី YSEALI Professional Exchange បើកទទួលពាក្យពីអ្នកជំនាញ និងអ្នកអាជីពវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអាយុចន្លោះពី ២៥ ដល់ ៣៥ ឆ្នាំ ដើម្បីចូលរួមផ្លាស់ប្តូរពិសោធន៍រយៈពេល៦សប្តាហ៍ នៅអាម៉េរិក ។
កម្មវិធី YSEALI PE នេះ ទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសអាមេរិក និងសហការសម្របសម្រួលអនុវត្តដោយក្រុមប្រឹក្សាអាមេរិកសម្រាប់ការអប់រំអន្តរជាតិ (American Councils for International Education)។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងបណ្តាញអ្នកដឹកនាំជំនាន់ថ្មីដែលចែករំលែកនូវគុណតម្លៃនៃសេរីភាព កាលានុវត្តភាព និងភាពម្ចាស់ការលើខ្លួនឯង ដើម្បីជំរុញវិបុលភាពរួម ព្រមទាំងគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយសន្តិសុខ សេរីភាព។
យោងតាមគេហទំព័រនៃកម្មវិធី បានឱ្យដឹងថា កម្មវិធីផ្លាស់ប្តូររយៈពេល ៦ សប្តាហ៍នេះ នៅសហរដ្ឋអាមេរិក សិក្ខាកាមនឹងទទួលបានបទពិសោធន៍ជាក់ស្តែងតាមរយៈការបំពេញការងារដោយផ្ទាល់ជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការមិនរកប្រាក់កម្រៃនានា។ បន្ថែមពីលើនេះ អ្នកចូលរួមក៏នឹងមានឱកាសសិក្សាស្វែងយល់ពីវិធីសាស្ត្រនវានុវត្តន៍ក្នុងការដោះស្រាយបញ្ហាប្រឈម ចូលរួមសកម្មភាពអភិវឌ្ឍភាពជាអ្នកដឹកនាំ ព្រមទាំងផ្លាស់ប្តូរជំនាញ និងទស្សនវិស័យជាមួយសមភាគីអាមេរិកលើវិស័យអភិបាលកិច្ច សហគ្រិនភាព និងការដឹកនាំសហគមន៍ ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយូរអង្វែង។
បើតាមប្រភពដដែល លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន ត្រូវជាបុគ្គលិកអាជីព ឬអ្នកជំនាញដែលមានអាយុចន្លោះពី ២៥ ដល់ ៣៥ ឆ្នាំ និងជាពលរដ្ឋមកពីបណ្តាប្រទេសទាំង ១១ នៃសមាជិក YSEALI រួមមាន៖ កម្ពុជា, ប្រ៊ុយណេ, ភូមា (មីយ៉ាន់ម៉ា), ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត និងវៀតណាម។
សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់គេហទំព័រ https://www.ysealipfp.org/ ហើយដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី១០ ធ្នូ ២០២៦៕