Khmer suport khmer cc time

វេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ផ្តល់ឱកាសការងារជាង ៥០០០កន្លែង នាថ្ងៃទី២៩-៣០ តុលា នៅសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ ក្រសួងទេសចរណ៍ Facebook-Page

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាផ្គូផ្គងឱកាសការងារ ដើម្បីផ្តល់ឱកាសឱ្យសិស្សនិស្សិត អ្នកកំពុងស្វែងរកការងារ អាចស្វែងរកការងារប្រមាណ ៥០០០កន្លែង មកពីក្រុមហ៊ុនធំៗចំនួន ១០០ ដែលផ្តោតទៅលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ រយៈពេលពីថ្ងៃដែលគិតចាប់ពីថ្ងៃទី២៩ ដល់៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ដោយឥតគិតថ្លៃ។

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ ក្រៅពីការទស្សនា និងស្វែងរកឱកាសការងារដែលបានតាំងបង្ហាញនៅតាមបញ្ជរការងារ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ក៏អាចស្វែងយល់អំពីការសិក្សាអំពីរបៀបសរសេរប្រវត្តិរូប និងរបៀបដាក់ពាក្យស្នើសុំការងារ ការស្វែងយល់អំពីសិទ្ធិការងារ លក្ខខណ្ឌការងារ និងទីផ្សារការងារសមរម្យ ព្រមទាំងផ្តល់ឱកាសសម្ភាសការងារផ្ទាល់នៅនឹងកន្លែងផងដែរ។

បើតាមប្រភពដដែល នៅក្នុងថ្ងៃទី២៩ ខែតុលា នឹងមានកម្មវិធីតម្រង់ទិសអំពីរបៀបសរសេរប្រវត្តិរូបសង្ខេប (CV) ការដាក់ពាក្យការងារ និងសិទ្ធការងារ លក្ខខណ្ឌការងារ ការងារសមរម្យ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ ភាសាអង់គ្លេស ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:៣០ព្រឹក និងភាសាខ្មែរ ចាប់ពីម៉ោង ១៣:៣០ ដល់ម៉ោង ១៧:០០ ល្ងាច។ នៅក្នុង ថ្ងៃទី៣០ ខែតុលា ជាថ្ងៃបើកវេទិកាជាផ្លូវការ ដែលអ្នកចូលរួមអាចទស្សនាតាមបណ្តាបញ្ជរក្រុមហ៊ុន និងជួបផ្ទាល់ជាមួយនិយោជក ដើម្បីដាក់ពាក្យស្នើសុំការងារ និងសម្ភាសផ្ទាល់ៗ ដោយចាប់ផ្តើមពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច។

ប្រភព៖ ក្រសួងទេសចរណ៍ Facebook-Page

គួរបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងក្រោមការសហការរបស់ក្រសួងទេសចរណ៍ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់សូមទំនាក់ទំនងលេខទូរសព្ទ ០៩៥ ២១៩ ៩៩៤ រៀងរាល់ម៉ោងធ្វើការ៕

Khcct banner

អត្ថបទទាក់ទង