កំពត៖ Australia Awards Cambodia កំពុងផ្តល់ឱកាសដល់សិស្សានុសិស្សដែលចង់ដឹងព័ត៌មានអាហារូបករណ៍ Australia Awards សិក្សានៅប្រទេសអូស្ត្រាលី និងកម្មវិធី Equity Pathways (EPP) បានសិក្សាស្វែងយល់ស៊ីជម្រៅ តាមរយៈការប្រឹក្សាជាមួយអតីតនិស្សិត Australia Awards ដោយផ្ទាល់។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពត នាថ្ងៃទី៣ វិច្ឆិកា ២០២៦ និងខេត្តកែប នាថ្ងៃទី៤ វិច្ឆិកា ២០២៦។
កម្មវិធីនេះ នឹងផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធី Equity Pathways (EPP) ជាមួយនឹងអាហារូបករណ៍ Australia Awards (AAS) អំពីដំណើរការដាក់ពាក្យ និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងការចែករម្លែកពីអតីតនិស្សិត Australia Awards និងការគាំទ្រផ្សេងទៀត។
ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្មវិធីនឹងប្រព្រឹត្តទៅនៅខេត្តកំពត នៅសណ្ឋាគារ Square Kampot ចាប់ពីម៉ោង ៥:០០ ល្ងាច ដល់ម៉ោង ៧:០០ ល្ងាច។ ចំណែកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅខេត្តកែប នៅសណ្ឋាគារ និងរមណីយដ្ឋាន Kep Bay ចាប់ពីម៉ោង ៥:០០ ល្ងាច ដល់ម៉ោង ៧:០០ ល្ងាច។ កម្មវិធីទាំងពីរថ្ងៃនេះ សិស្សានុសិស្សអាចចូលរួមដោយឥតគិតថ្លៃ។
គួររម្លឹកថា The Equity Pathways Program (EPP) ជាកម្មវីធីមួយដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងគាំទ្រដល់បេក្ខជនកម្ពុជា ដែលមានបំណងសិក្សានៅប្រទេសអូស្រ្តាលី តាមរយៈអាហារូបករណ៍ Australia Awards តែមានកម្រិតភាសាអង់គ្លេសនៅមានកម្រិត។ ចំណែកអាហារូបករណ៍ Australia Award ជាអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសអូស្ត្រាលី ដែលគ្របដណ្តប់លើថ្លៃធ្វើដំណើរ ថ្លៃសិក្សា ការហូបចុក ការស្នាក់នៅ ផ្តល់ជូននូវធានារ៉ាប់រងសុខភាព និងថ្លៃចំណាយផ្សេងៗទៅលើការសិក្សា ដែលមានដូចជាការចុះកម្មសិក្សាស្រាវជ្រាវជាដើម។
សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍លើឱកាសនេះ សូមចុះឈ្មោះតាមរយៈ https://www.surveymonkey.com/r/XW7QGB3 ៕