ភ្នំពេញ៖ កម្មវិធីអ្នកស្រាវជ្រាវទស្សនកិច្ច Fulbright U.S.-ASEAN បើកទទួលពាក្យពីអ្នកជំនាញ និងអ្នកស្រាវជ្រាវ ដើម្បីអនុវត្តគម្រោងស្រាវជ្រាវរយៈពេលពី ៣ ទៅ ៤ ខែ នៅតាមស្ថាប័ននានាក្នុងអាម៉េរិក ដោយគ្រោងនឹងចាប់ផ្តើមពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៨។ កម្មវិធីអាហារូបករណ៍នេះ រៀបចំឡើងក្នុងគោលបំណងគាំទ្រដល់គំនិតផ្តួចផ្តើមទូលំទូលាយរបស់អាស៊ាន ព្រមទាំងដោះស្រាយ និងពង្រឹងបញ្ហាអាទិភាពក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង អាម៉េរិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
គំនិតផ្តួចផ្តើម អ្នកស្រាវជ្រាវទស្សនកិច្ច Fulbright U.S.-ASEAN នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១២ ក្នុងគោលបំណងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងពង្រឹងចំណងមិត្តភាពលើវិស័យអប់រំរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជុំវិញបញ្ហាក្នុងតំបន់សំខាន់ៗ ព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមទូលំទូលាយ និងបញ្ហាអាទិភាពក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរ។
អាហារូបករណ៍នេះ បើកសម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ មន្ត្រីការទូតនៃក្រសួងការបរទេស និងមន្ត្រីរាជការស្ថាប័នរដ្ឋ អ្នកជំនាញមកពីវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវនៅតាមវិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ដែលការងារបច្ចុប្បន្ន ផ្តោតលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការអាមេរិក-អាស៊ាន។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានឱកាសអនុវត្តគម្រោងស្រាវជ្រាវរបស់ខ្លួនដោយផ្ទាល់នៅតាមគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយ ឬស្ថាប័នស្រាវជ្រាវឈានមុខនានានៅក្នុងអាម៉េរិក។
វិសាលភាពនៃការសិក្សាស្រាវជ្រាវដែលកម្មវិធីលើកទឹកចិត្តរួមមាន ប្រធានបទសំខាន់ៗជាច្រើនដូចជា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងទីផ្សារហិរញ្ញវត្ថុ គោលនយោបាយបច្ចេកវិទ្យាសំខាន់ៗ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន បញ្ញាពិសេស (SI) កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងជំនាញច្បាប់សមុទ្រ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សន្តិសុខថាមពល រ៉ែសំខាន់ៗ ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាស ពាណិជ្ជកម្ម និងការវិនិយោគ សុខភាពសាធារណៈ រួមទាំងប្រធានបទយុទ្ធសាស្ត្រពាក់ព័ន្ធជាច្រើនទៀត។
សម្រាប់បេក្ខជនដែលជាប់ កម្មវិធីនឹងផ្តល់ជូននូវការឧបត្ថម្ភគាំទ្រពេញលេញ រួមមានប្រាក់ឧបត្ថម្ភប្រចាំខែចន្លោះពី ៣,១៦៤ ដុល្លារ ដល់ ៤,៨០៥ ដុល្លារ (អាស្រ័យលើទីក្រុងនីមួយៗក្នុងសហរដ្ឋអាមេរិក) សំបុត្រយន្តហោះទៅមក ព្រមទាំងប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរ និងសម្ភារៈប្រើប្រាស់ ចំនួន ៦០០ ដុល្លារ។ បន្ថែមពីនេះ កម្មវិធីក៏ផ្តល់ជូននូវប្រាក់ឧបត្ថម្ភសម្រាប់ការតាំងទីលំនៅនិងការងារវិជ្ជាជីវៈចំនួន ២,២៣៣ ដុល្លារ រួមជាមួយនឹងការពិចារណាលើការរ៉ាប់រងថ្លៃបន្ទប់ពិសោធន៍ ឬថ្លៃស្រាវជ្រាវរបស់សាកលវិទ្យាល័យទៅតាមករណីជាក់ស្តែងនីមួយៗផងដែរ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ http://ow.ly/hkRg50Lf94r ដោយការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ៕