ភ្នំពេញ៖ កញ្ញា ឈុន ហាណា ធំធាត់ឡើងក្នុងគ្រួសារមានជីវភាពខ្វះខាត ដែលមានឱពុកជាអ្នករត់ម៉ូតូឌុប និងម្តាយជាអ្នកលក់បាយ បានផ្លាស់ប្តូរព្រេងវាសនាតាមរយៈការខិតខំសិក្សារៀនសូត្រ រហូតទទួលបានឱកាសទៅប្រមាណ២០ប្រទេស ហើយអាចកែប្រែជីវភាពគ្រួសារល្អប្រសើរជាងមុន។ ទោះបីធ្លាប់រងពាក្យពេចន៍អវិជ្ជមានមួយចំនួនក៏ដោយ កញ្ញា ឈុន ហាណា នៅតែទទួលបានការលើកទឹកចិត្តពីគ្រួសារ ដែលធ្វើឱ្យហាណា មិនបោះបង់ក្តីស្រមៃ ហើយអាចបន្តដំណើរបានតទៅមុខ រហូតទទួលបានជោគជ័យ។
ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា ឈុន ហាណា បានបញ្ជាក់ថា ពីក្មេងមកខ្លួនមិនមានក្តីប្រាថ្នាលើវិស័យការងារនោះទេ ដោយផ្តោតលើជីវភាពគ្រួសារមួយមុខគត់ ព្រោះគ្រួសារកំពុងមានជីវភាពលំបាក។ កំឡុងពេលនោះ ហាណា ក៏ធ្លាប់ទទួលរងនូវពាក្យពេចន៍អវិជ្ជមានមួយចំនួនពីអ្នកដទៃ ដែលថាឱ្យហាណាគួរឈប់រៀន ហើយទៅធ្វើការរកលុយដើម្បីចិញ្ចឹមគ្រួសារវិញ ជាក្មេងស្រីសោះនៅរៀនដល់ណាទៀត។ ក្រោយទទួលបានការលើកទឹកចិត្តពីគ្រួសារ បានធ្វើឱ្យហាណា មានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត ដោយហាណាបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ Chevening សិក្សានៅប្រទេសអង់គ្លេស ហើយមានសមត្ថភាពបានទៅរហូតដល់២០ប្រទេស។
កញ្ញា ឈុន ហាណា បានបន្តថា នាពេលបច្ចុប្បន្ននេះ មតិរបស់អ្នកដទៃចំពោះខ្លួនមានការផ្លាស់ប្តូរច្រើន ដោយពួកគេបានចាត់ទុកហាណា ជាគំរូដ៏ល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយទៅវិញ។ បន្ថែមពីនេះ ជីវភាពគ្រួសាររបស់ហាណា មានការល្អប្រសើរជាមុន អាចរស់នៅប្រកបរបរចិញ្ចឹមជីវិតបានស្រួល ហើយមានលទ្ធភាពអាចនាំគ្រួសារទៅលេងក្រៅប្រទេសបានទៀតផង៕
សូមទស្សនាបទសម្ភាសន៍ពេញ៖