ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ បើកទទួលពាក្យសុំចូលរួមក្នុងកម្មវិធី Online Professional English Network (OPEN) សម្រាប់ឆមាសថ្មីក្នុងរដូវរងា ឆ្នាំ២០២៧ ចាប់ពីថ្ងៃទី ១២ ខែមករា ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៧។ ស្ថានទូតអាមេរិក ផ្តល់ជូននូវកម្មវិធីសិក្សាតាមអនឡាញនេះដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការជាមួយសាស្រ្តាចារ្យល្បីៗរបស់សហរដ្ឋអាមេរិកក្នុងវិស័យអប់រំ។
កម្មវិធីភាសាអង់គ្លេស OPEN (Online Professional English Network) គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលផ្តល់ជូននូវថ្នាក់សិក្សាអនឡាញ និងធនធានបណ្ដុះបណ្ដាលដែលមានគុណភាពខ្ពស់ និងឥតគិតថ្លៃដល់គ្រូបង្រៀនភាសាអង់គ្លេសទូទាំងសាកលលោក។ កម្មវិធីនេះជួយបង្កើនជំនាញបង្រៀនភាសាអង់គ្លេស ជំរុញការអភិវឌ្ឍវិជ្ជាជីវៈ និងលើកកម្ពស់ការយល់ដឹងពីវប្បធម៌ចម្រុះ តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហការគ្នាតាមរយៈប្រព័ន្ធអនឡាញ។
យោងតាមស្ថានទូតអាមេរិកនៅភ្នំពេញ លក្ខខណ្ឌតម្រូវក្នុងការជ្រើសរើស បេក្ខជនដែលមានសិទ្ធិដាក់ពាក្យស្នើសុំត្រូវតែជាពលរដ្ឋខ្មែរ និងជាអ្នកប្រកបអាជីពក្នុងវិស័យភាសាអង់គ្លេស ដែលមិនធ្លាប់បានចូលរួមក្នុងវគ្គសិក្សា E-Teacher ឬ OPEN Global Online Course ក្នុងអំឡុងពេល ៣ ឆ្នាំចុងក្រោយ។ ទន្ទឹមនឹងនេះ បេក្ខជនត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចប់វគ្គសិក្សាដែលទទួលបានអាហារូបករណ៍ពេញលេញនេះ ព្រមទាំងមានសមត្ថភាពអាន និងសរសេរភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ (កម្រិតពិន្ទុ TOEFL យ៉ាងតិច 550 ឬប្រហាក់ប្រហែល ដោយមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់នោះទេ)។
បើតាមប្រភពដដែល បេក្ខជនត្រូវស្នាក់នៅក្នុងប្រទេសកម្ពុជាពេញមួយអំឡុងពេលនៃការសិក្សា មានលទ្ធភាពប្រើប្រាស់កុំព្យូទ័រដែលមានដំណើរការល្អ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿនជាប្រចាំ (៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍) អាចចំណាយពេលសិក្សាតាមប្រព័ន្ធអនឡាញពី ១ ទៅ ២ ម៉ោងក្នុងមួយថ្ងៃតាមពេលវេលាងាយស្រួលផ្ទាល់ខ្លួន សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេល ៨ សប្តាហ៍នេះ ព្រមទាំងមានឆន្ទៈចុះឈ្មោះចូលរៀនវគ្គសិក្សាជម្រើសទីពីរ ឬទីបី ប្រសិនបើជម្រើសចម្បងរបស់ខ្លួនមិនទំនេរ ឬមិនមានលទ្ធភាពផ្តល់ជូន។
ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី និងដាក់ពាក្យស្នើសុំចូលរួម អាចចូលទៅកាន់ https://www.cognitoforms.com/.../_2027OnlineProfessionalE... ហើយដាក់ពាក្យឱ្យបានមុនថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩ នាទី (ម៉ោងនៅកម្ពុជា)៕