Khmer suport khmer cc time

យុវជន តូច ឥនសុភា យកចំណេះដឹងផ្នែកបច្ចេកវិទ្យា ទៅតំណាងកម្ពុជាក្នុងកម្មវិធីប្រកួតសរសេរសំណេរ ASEAN-IPR

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ ៖ យុវជន តូច ឥនសុភា គឺជានិស្សិតដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាបុគ្គលិកបម្រើការងារជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រទិន្នន័យ (Lead Data Scientist) នៅក្រុមហ៊ុនមួយកន្លែងនៅរាជធានី។ ទោះបី ជាមានការងារមមាញឹកនឹកការសិក្សា និងការងារយ៉ាងណាក្តី ក៏យុវជនរូបនេះ អាចឆ្លៀតយកចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់ខ្លួនទៅប្រកួតសរសេរសំណេរថ្នាក់អាស៊ាន រហូតឈ្នះការប្រកួត ក្លាយជាយុវជនតែម្នាក់គត់ ដែលតំណាងកម្ពុជានៅប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ យុវជន តូច ឥនសុភា បានឱ្យដឹងថាគាត់ជាយុវជនម្នាក់ដែល ជាយុវជនម្នាក់ ដែលមានចំណាប់អារម្មណ៍លើការចូលដោះស្រាយបញ្ហាសង្គម តាមរយៈចំណេះដឹងលើ បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ និងការស្រាវជ្រាវ ហើយនាពេលថ្មីៗនេះ គាត់បានតំណាងកម្ពុជាទៅចូលរួមប្រកួតនៅក្នុងកមម្មវិធីប្រកួតសំណេរមួយគឺ ASEAN-IPR ។

នៅក្នុងការប្រកួតគាត់ត្រូវជ្រើសប្រធានបទមួយ នៅក្នុងចំណោមប្រភេទបួនរបស់កម្មវិធី ដែលមានដូចជា ប្រធានបទទី១ និន្នាការថ្មីៗ និងកត្តាជំរុញឱ្យមានអំពើហិង្សាក្នុងចំណោមយុវជន និងការប្រកាន់យកមនោគមវិជ្ជាជ្រុលនិយមដែលនាំឱ្យមានអំពើហិង្សា។ ប្រធានទី២ យេនឌ័រ អត្តសញ្ញាណ និងភាពប្រសព្វគ្នានៃកត្តាផ្សេងៗ (intersectionality) ដែលជះឥទ្ធិពលលើភាពងាយរងគ្រោះ និងភាពធន់របស់យុវជន។ ប្រធានបទី៣ តួនាទីរបស់វេទិកាឌីជីថល បណ្តាញសង្គម និងសហគមន៍អនឡាញ ក្នុងការកសាងភាពធន់របស់យុវជន ឬធ្វើឱ្យយុវជនងាយរងគ្រោះចំពោះឥទ្ធិពលអវិជ្ជមាន។ ប្រធានបទទី៤ គំនិតផ្តួចផ្តើមដែលដឹកនាំដោយយុវជន និងវិធីសាស្ត្រថ្មីៗដែលមានមូលដ្ឋានក្នុងសហគមន៍ ដើម្បីបង្ការការប្រកាន់យកមនោគមវិជ្ជាជ្រុលនិយមដែលនាំឱ្យមានអំពើហិង្សា។

កំពុងពេលប្រកួត សុភា បានជ្រើសរើសយកប្រធានបទទី៣ ព្រោះគាត់ជឿជាក់ថា ការទប់ស្កាត់អំពើជ្រុលនិយមហិង្សាក្នុងចំណោមយុវជន មិនអាចពឹងផ្អែកតែលើវិធានការសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការអប់រំ ការគិតពិចារណាបែបវិភាគ អក្ខរកម្មឌីជីថល និងការចូលរួមពីសហគមន៍ផងដែរ។ គាត់បានបន្តថា “ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យបញ្ញាសិប្បនិម្មិត ខ្ញុំមើលឃើញថា បច្ចេកវិទ្យាឌីជីថលអាចជួយពង្រីកឱកាសសិក្សា និងការតភ្ជាប់រវាងមនុស្ស ប៉ុន្តែក៏អាចត្រូវបានប្រើប្រាស់ខុស ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ការស្អប់ខ្ពើម និងមនោគមវិជ្ជាដែលជំរុញឱ្យមានអំពើហិង្សាផងដែរ”។ ដូច្នេះ ទើបគាត់ចង់យកចំណេះដឹងអំពីវិស័យបច្ចេកវិទ្យារបស់ខ្លួន ទៅសរសេរទៅដាក់ប្រកួត ដើម្បីជាមធ្យោបាយមួយដែលគាត់អាចចែករំលែក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីបញ្ហានេះ ព្រមទាំងស្វែងរកវិធីដែល យុវជនអាចចូលរួមបង្កើតសហគមន៍ដែលមានសុវត្ថិភាព សាមគ្គីភាព និងភាពធន់នឹងឥទ្ធិពលអវិជ្ជមាន។ ជាពិសេស គឺការនាំយកទស្សនៈ និងបទពិសោធន៍ពីកម្ពុជាទៅកាន់ការពិភាក្សាកម្រិតតំបន់អាស៊ាន។

ម្ចាស់ជ័យលាភីនៅក្នុងការប្រកួតសំណេរកម្រិតអាស៊ានរូបនេះ បានរំលេចបន្ថែមថា នៅក្នុងកម្មវិធីនេះមួយនេះគាត់មិនត្រឹមតែអាចបញ្ចេញទស្សនៈរបស់ខ្លួនលើបញ្ហាបច្ចេកវិទ្យា បញ្ហាយុវជនដែលគាត់បានរៀនសូត្រនោះទេ។ បន្ថែមពីនេះ គាត់បានសិក្សា និងយល់កាន់តែស៊ីជម្រៅអំពី វិធីសាស្ត្រ ការបង្ការ និងរបៀបដែលភាគីពាក់ព័ន្ធគួរធ្វើ ដើម្បីទប់ស្កាត់អំពើជ្រុលនិយមក្នុងចំណោមយុវជន និងកត្តាបង្ករឱ្យយុវជនងាយរងឥទ្ធិពលជ្រុលនិយមពីបណ្តាញសង្គម ដែលមានដូចជា ការមិនទទួលបានការគាំទ្រពីសង្គម ព័ត៌មានមិនពិត ឥទ្ធិពលលើបណ្តាញសង្គម និងតម្រូវការក្នុងការស្វែងរកអត្តសញ្ញាណទៀតផង ហើយកម្មវិធីនេះក៏បានជំរុញឱ្យគាត់គិតកាន់តែស៊ីជម្រៅអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ ដោយធានាថា បច្ចេកវិទ្យាជួយគាំទ្រដល់ការកសាងសន្តិភាព តាមរយៈការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស សិទ្ធិជាមូលដ្ឋាន និងតម្លៃមនុស្សធម៌។

យុវជន តូច ឥនសុភា សង្កត់ធ្ងន់ថា ការទទួលបានការទទួលស្គាល់តាមរយៈការប្រកួតសរសេរអត្ថបទយុវជនរបស់ ASEAN-IPR គឺជាសមិទ្ធផលដ៏មានអត្ថន័យមួយ ដែលជំរុញឱ្យគាត់បន្តភ្ជាប់ចំណេះដឹងបច្ចេកវិទ្យាជាមួយការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ហើយជាឱកាសមួយដែលគាត់អាចភ្ជាប់ជំនាញ និងបទពិសោធន៍របស់គាត់ទៅនឹងបញ្ហានៃការការពារយុវជន ការលើកកម្ពស់ អក្ខរកម្មឌីជីថល និងការកសាងសន្តិភាព។ លោកបន្តថា សមិទ្ធផលនេះគឺកើតចេញពី ពីការប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាសង្គម បទពិសោធន៍ការងារ ការស្រាវជ្រាវ និងបច្ចេកវិទ្យា ដែលគាត់បានសិក្សារហូតមក។ គាត់បានអះអាងថា បទពិសោធន៍ក្នុងវិស័យបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ បានបង្រៀនគាត់ឱ្យចេះវិភាគបញ្ហាស្មុគស្មាញ ស្វែងរកភស្តុតាង និងពិចារណាដំណោះស្រាយប្រកបដោយហេតុផល។ ទន្ទឹមគ្នា យល់ថា បញ្ហាសង្គមមិនអាចដោះស្រាយដោយ ចំណេះដឹងបច្ចេកទេសតែមួយមុខបានឡើយ ប៉ុន្តែត្រូវការការយល់ដឹងអំពីមនុស្ស បរិបទសង្គម និងការទទួលខុសត្រូវរួម។

ជាចុងក្រោយ ម្ចាស់ជ័យលាភីសំណេររូបនេះ បានរៀបរាប់បន្ថែមថា ការទទួលស្គាល់នូវសំណេរ និងការឈ្នះនេះ គឺជាកម្លាំងចិត្តមួយឱ្យគាត់ ស្រាវជ្រាវ និងប្រើប្រាស់ចំណេះដើម្បីចូលរួមចំណែកជាវិជ្ជមានដល់សង្គមបន្តទៅមុខទៀត និងបង្ហាញនូវអំណរគុណចំពោះ ASEAN-IPR ដែលបានផ្តល់ឱកាសឱ្យយុវជន ចែករំលែកគំនិត និងចូលរួមក្នុងការពិភាក្សាអំពីបញ្ហាដែលមានសារៈសំខាន់ចំពោះតំបន់។ លោកក៏បានណែនាំទៅកាន់យុវជន ឱ្យចាប់ផ្តើមពីសកម្មភាពរបស់ខ្លួនដែលមានដូចជា ការរៀនសូត្រ ការប្រើប្រាស់ពាក្យសម្តីសមរម្យ និងមានអាកប្បកិរិយាល្អ ជឿជាក់លើសម្ថភាពខ្លួន ដើម្បីជាផ្នែកមួយដែលអាចជួយសង្គម ដោយពុំចាំបាច់ទាល់តែក្លាយជាមេដឹកនាំ និងអ្នកជាជំនាញ “សូមកុំគិតថា យើងនៅក្មេងពេកក្នុងការផ្លាស់ប្តូរសង្គម។ អនាគតមិនមែនជាអ្វីដែលយើងគ្រាន់តែរង់ចាំទទួលនោះទេ ប៉ុន្តែជាអ្វីដែលយើងទាំងអស់គ្នាកំពុងកសាង តាមរយៈជម្រើស និងសកម្មភាពរបស់យើងនៅថ្ងៃនេះ” ។ លោកក៏បានណែនាំឱ្យប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយគុណធម៌ និងការទទួលខុសត្រូវ ព្រមទាំងប្រើប្រាស់វាដើម្បីរួមបញ្ចូលមនុស្សជាមួយគ្នា និងកសាងសន្តិភាពក្នុងសង្គម។

គួរបញ្ជាក់ថា កម្មវិធីប្រកួតសំណេរ ASEAN-IPR គឺជាកម្មវិធីប្រកួតប្រជែងសំណេរមួយដែលត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សា ក្នុងគោលបំណងបើកឱកាសឱ្យយុវជនបញ្ចេញគំនិតរបស់ខ្លួនទៅលើប្រធានបទរបស់កម្មវិធី “បញ្ញាសិប្បនិម្មិតដើម្បីសន្តិភាព៖ ការពង្រឹងភាពធន់របស់យុវជនក្នុងការប្រឈមនឹងការជ្រុលនិយមហិង្សាតាមប្រព័ន្ធអនឡាញ តាមរយៈអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ និងអក្ខរកម្មឌីជីថលក្នុងតំបន់អាស៊ាន”៕

Khcct banner

អត្ថបទទាក់ទង