ភ្នំពេញ៖ អាហារូបករណ៍ KU Leuven ASEAN Scholarship កំពុងបើកទទួលពាក្យសម្រាប់និស្សិតអាស៊ាន ដែលរួមមានកម្ពុជា ឱ្យដាក់ពាក្យអាហារូបករណ៍ទៅសិក្សាថ្នាក់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ឯកទេស នៅសាកលវិទ្យាល័យ KU Leuven ប្រទេសប៊ែលហ្សិក ក្នុងឆ្នាំសិក្សា ២០២៧-២០២៨។ ក្នុងនោះ បេក្ខជនអាចបន្តការសិក្សាជំនាញដូចជា វិស្វកម្ម និងបច្ចេកវិទ្យា, វិទ្យាសាស្ត្រកុំព្យូទ័រ និងទិន្នន័យ, សេដ្ឋកិច្ច និងធុរកិច្ច, ច្បាប់ និងវិទ្យាសាស្ត្រនយោបាយ, វិទ្យាសាស្ត្រសុខាភិបាល និងវេជ្ជសាស្ត្រ និងជំនាញផ្សេងៗទៀត។
យោងតាមគេហទំព័រផ្លូវការរបស់ សមាគមនិស្សិតកម្ពុជាប្រចាំតំបន់អឺរ៉ុប អាហារូបករណ៍នេះផ្តល់ឱ្យក្នុងគោលបំណង គាំទ្រដល់និស្សិតឆ្នើមមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ KU Leuven ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយនៅទ្វីបអឺរ៉ុប។ ទន្ទឹមគ្នា បេក្ខជនជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការលើកលែងថ្លៃសិក្សាពេញលេញ (Full Tuition Fee Waiver) ប្រាក់ឧបត្ថម្ភចំនួន ៤,០០០ អឺរ៉ូ សម្រាប់រយៈពេលសិក្សា និងការលើកលែងថ្លៃសិក្សារយៈពេល ១ ឆ្នាំ សម្រាប់កម្មវិធី ៦០ ECTS ឬ ២ ឆ្នាំ សម្រាប់កម្មវិធី ១២០ ECTS។
បើតាមប្រភពដដែល អាហារូបករណ៍នេះផ្តល់ជូនសម្រាប់និស្សិត មានលទ្ធផលសិក្សាល្អប្រសើរ និងសមត្ថភាពសិក្សាខ្ពស់, មានសញ្ញាបត្រពីគ្រឹះស្ថានឧត្តមសិក្សាថ្នាក់បរិញ្ញាបត្រ ព្រមទាំងមានសមត្ថភាពភាសាអង់គ្លេសស្របតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យ។ជាចុងក្រោយ គឺមិនទទួលអាហារូបករណ៍ពេញលេញផ្សេងទៀត។
គួរបញ្ជាក់ថា បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវ បង់ត្រឹមថ្លៃរដ្ឋបាលប្រចាំឆ្នាំចំនួន ១៤០ អឺរ៉ូ ដោយខ្លួនឯង ហើយបេក្ខជនដែលដាក់ពាក្យតាមនីតិវិធីនេះ នឹងត្រូវបានពិចារណាសម្រាប់អាហារូបករណ៍ Inspiring the Outstanding Scholarship និង Master Mind Scholarship ដោយមិនចាំបាច់ដាក់ពាក្យដាច់ដោយឡែក។ បេក្ខជន មានចំណាប់អារម្មណ៍អាចដាក់ពាក្យ និងស្វែងយល់ព័ត៌មានបន្ថែមតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ វេលាម៉ោង ២៣:៥៩ នាទី (ម៉ោងនៅអឺរ៉ុបកណ្ដាល – CET)៕