ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា - អវតក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីពិធីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតតែងកំណាព្យ ស្តីពីការថែរក្សាការចងចាំប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងនោះជ័យលាភីលេខ១ បានទៅលើ កញ្ញា គង់ សម្ភស្ស , លេខ២ បានទៅលើ កញ្ញា សេង លីហ័រ, និងជ័យលាភីលេខបី បានទៅលើលោក ឯក ខន។
យោងតាមគេហទំព័រផ្លូវការរបស់ អ.វ.ត.ក កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ពន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យអក្សរសាស្រ្តខ្មែរផ្នែកតែងនិពន្ធកំណាព្យ ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែលមិនបានឆ្លងកាត់នូវរបបកម្ពុជាប្រជាធិបតេយ្យបានសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ផលប៉ះពាល់ ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម ក៏ដូចជាសមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា - អវតក
យោងតាមប្រភពដដែល បេក្ខជនទាំងបីរូបមាន ជ័យលាភីលេខ១ បានទៅលើ កញ្ញា គង់ សម្ភស្ស មកពីខេត្តកំពង់ចាម ជាមួយស្នាដៃកំណាព្យដែលមានចំណងជើងថា «កម្ពុជាក្នុងរបបនរក»។ ជ័យលាភីលេខ២ បានទៅលើកញ្ញា សេងលីហ័រ មកពីខេត្តបន្ទាយមានជ័យ ជាមួយស្នាដៃកំណាព្យដែលមានចំណងជើងថា «ស្រមោលខ្មៅ»។ ជ័យលាភីលេខ៣ បានទៅលើលោក ឯក ខន មកពីខេត្តសៀមរាប ជាមួយស្នាដៃកំណាព្យដែលមានចំណងជើងថា «របបអាវខ្មៅ»។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា - អវតក
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា - អវតក
នៅក្នុងឱកាសនេះ លោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានស្តីទីរដ្ឋបាលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានមានប្រសាសន៍ថា ការថែរក្សា និងការចង់ចាំអំពីប្រវត្តិសាស្ត្រគឺពិតជាចាំបាច់ និងមានសារៈសំខាន់ណាស់ព្រោះ វាមិនមែនគ្រាន់តែជាការរំលឹកពីការឈឺចាប់ក្នុងអតីតកាល ប៉ុណ្ណោះ ទន្ទឹមគ្នាការចង់ចាំនេះគឺជាការរៀនសូត្រពីប្រវត្តិសាស្ត្រ ដើម្បីឱ្យបុគ្គលគ្រប់រូបយល់ច្បាស់អំពីតម្លៃនៃសន្តិភាព យុត្តិធម៌ និងការគោរពសេចក្តីថ្លៃថ្នូរបស់មនុស្ស ហើយយុវជនគឺជាអ្នកដែលមានតួនាទីក្នុងការចែករំលែកទៅអ្នកជំនាន់បន្ទាប់ ដើម្បីកុំឱ្យសោកនាដកម្មបែបនេះកើតឡើងសារជាថ្មី។ លោកបន្តថា ការតែងកំណាព្យជាមធ្យោបាយមួយដ៏មានអត្ថន័យក្នុងការបង្ហាញពីការយល់ដឹង អារម្មណ៍ និងការឆ្លុះបញ្ចាំងរបស់យុវជនចំពោះប្រវត្តិសាស្ត្រជាតិ តាមរយៈការប្រើប្រាស់សិល្បៈអក្សរសាស្ត្រផងដែរ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា - អវតក
គួរបញ្ជាក់ថា ស្នាដៃទាំងអស់ដែលបានដាក់នៅក្នុងការប្រកួត នឹងត្រូវយកទៅបោះពុម្ពផ្សព្វផ្សាយ ដើម្បីចែករំលែកស្នាដៃនិពន្ធរបស់យុវជន និងបង្កើនឱកាសឱ្យសាធារណជនបានសិក្សា ស្វែងយល់ និងពិចារណាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈអក្សរសិល្ប៍៕