សៀមរាប៖ អង្គការ ផេពភី លើកកម្ពស់យុវជន (PEPY Empowering Youth) បានប្រកាសបើកទទួលពាក្យចុះឈ្មោះចូលរៀនជាផ្លូវការនៅក្នុង «កម្មវិធីមជ្ឈមណ្ឌលបណ្តុះបណ្តាល» សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងសមត្ថភាពយុវជនក្នុងខេត្តសៀមរាបលើជំនាញបច្ចេកទេស និងជំនាញទន់សំខាន់ៗ ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ឱកាសការងារនាពេលអនាគត បានចាប់ផ្តើមបើកទទួលពាក្យដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃអង្គការ ផេពភី លើកកម្ពស់យុវជន នៅក្នុងវគ្គសិក្សារយៈពេលពេញមួយឆ្នាំនេះ សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលលើមុខវិជ្ជាសំខាន់ៗរួមមាន ថ្នាក់ភាសាអង់គ្លេស, ថ្នាក់កុំព្យូទ័រអំពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT), ព្រមទាំងថ្នាក់កសាងសមត្ថភាពយុវជនដែលផ្តោតលើភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម។ បន្ថែមពីនេះ សិស្សានុសិស្សក៏នឹងទទួលបានការជ្រោមជ្រែងលើការរៀបចំខ្លួន និងការដាក់ពាក្យស្វែងរកការងារ ការផ្សារភ្ជាប់ទៅកាន់កម្មវិធីអាហារូបករណ៍ក្នុងស្រុក ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពេលបញ្ចប់វគ្គដោយជោគជ័យផងដែរ។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនដែលមានសិទ្ធិដាក់ពាក្យត្រូវតែជាយុវជនដែលបានប្រឡងជាប់ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សាពេញមួយឆ្នាំពេញ។ ទន្ទឹមនឹងការគោរពតាមការណែនាំ និងគោលនយោបាយរបស់ស្ថាប័ន កម្មវិធីក៏តម្រូវឱ្យអាណាព្យាបាលត្រូវចូលរួមកម្មវិធីរបស់ផេពភីយ៉ាងតិច ២ ដងក្នុងមួយឆ្នាំ គឺនៅក្នុងព្រឹត្តិការណ៍ជួបជុំដំបូង និងព្រឹត្តិការណ៍បញ្ចប់ការសិក្សា។ ដោយសារចំនួនសិស្សទទួលចូលរៀនមានកំណត់ បេក្ខជនត្រូវបានលើកទឹកចិត្តឱ្យរួសរាន់រួបរួមឯកសារ និងដាក់ពាក្យឱ្យបានទាន់ពេលវេលា។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាញយកទម្រង់ពាក្យតាមរយៈតំណភ្ជាប់អនឡាញ Link ឬទៅទទួល និងដាក់ពាក្យដោយផ្ទាល់នៅការិយាល័យផេពភី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ C47&49 ផ្លូវភូម៉ែ បុរីប្រិមប្រិយ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ ការិយាល័យបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សាធារណជនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 017 737 519 ឬ 012 662 161, ផ្ញើសារទៅកាន់ Telegram @PEPYEmpoweringYouth, អ៊ីមែល [email protected] ឬចូលមើលគេហទំព័រ www.pepyempoweringyouth.org៕