ភ្នំពេញ៖ កម្មវិធីភាពជាអ្នកដឹកនាំឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Leadership Lab) ជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ក្នុងការប្រមូលផ្តុំអ្នកជំនាញមកពីវិស័យចម្រុះជុំវិញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ វគ្គបណ្តុះបណ្តាលនេះមានរួមបញ្ចូលការជួបជុំតាមប្រព័ន្ធអនឡាញ និងការចូលរួមផ្ទាល់ក្នុងកម្មវិធីស្នាក់នៅសិក្សាចំនួន ៣ លើក នៅជប៉ុន ម៉ាឡេស៊ី និងអាម៉េរិក។
យោងតាមគេហទំព័រផ្លូវការនៃកម្មវិធី បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៧ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៨ ដោយរួមបញ្ចូលគ្នារវាងការជួបជុំតាមប្រព័ន្ធអនឡាញ និងការចូលរួមផ្ទាល់ក្នុងកម្មវិធីស្នាក់នៅសិក្សាចំនួន ៣ លើក។ ក្នុងនោះ វគ្គសិក្សាដោយផ្ទាល់លើកទីមួយនឹងរៀបចំឡើងនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៧ បន្ទាប់មកនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៧ និងបញ្ចប់វគ្គនៅរដ្ឋហាវ៉ៃ អាមេរិក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៨។
កម្មវិធីនេះមានគោលបំណងរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរួម ពង្រឹងសមត្ថភាពដឹកនាំបែបសហការ និងកសាងបណ្តាញទំនាក់ទំនងភាពជាដៃគូយូរអង្វែងនៅក្នុងតំបន់ តាមរយៈការរៀនសូត្រពីការអនុវត្តជាក់ស្តែង និងការផ្លាស់ប្តូរបទពិសោធន៍ឆ្លងវប្បធម៌រវាងថ្នាក់ដឹកនាំជំនាន់ក្រោយ។ បេក្ខជនដែលត្រូវបានជ្រើសរើសជាសមាជិកកម្មវិធី (Fellows) នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពេញលេញ រួមមានសំបុត្រយន្តហោះទៅមក ថ្លៃចូលរួមកម្មវិធី និងឯកសារសិក្សា ការស្នាក់នៅ អាហារហូបចុក ព្រមទាំងការចំណាយទាក់ទងនឹងទិដ្ឋាការក្នុងករណីចាំបាច់។
ចំពោះលក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវតែជាអ្នកបំពេញការងារពាក់ព័ន្ធនឹងសហគមន៍ឆ្នេរសមុទ្រ ឬដងទន្លេ ជីវភាពរស់នៅ ការគ្រប់គ្រងបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ច ឬបញ្ហាពាក់ព័ន្ធ។ បេក្ខជនត្រូវមានលទ្ធភាពចូលរួមពេញលេញក្នុងកម្មវិធីរយៈពេលមួយឆ្នាំនេះ រួមទាំងការចូលរួមដោយផ្ទាល់នៅប្រទេសជប៉ុន ម៉ាឡេស៊ី និងរដ្ឋហាវ៉ៃ ព្រមទាំងការចូលរួមតាមប្រព័ន្ធអនឡាញជាប្រចាំផងដែរ។ លើសពីនេះ បេក្ខជនត្រូវមានចំណាប់អារម្មណ៍ក្នុងការបង្កើនសមត្ថភាពដឹកនាំ ចូលចិត្តការរៀនសូត្របែបសហការជាមួយមិត្តរួមក្រុមមកពីបណ្តាប្រទេស វិស័យ និងប្រវត្តិការងារចម្រុះ ព្រមទាំងមានជំនាញភាសាអង់គ្លេសស្ទាត់ជំនាញទាំងការសន្ទនានិងការសរសេរ។ បេក្ខជនអាចជាអ្នកបម្រើការងារនៅក្នុងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍ វិស័យឯកជន អង្គការដឹកនាំជនជាតិដើមភាគតិចនិងមូលដ្ឋាន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ ព្រមទាំងស្ថាប័នពហុភាគីនិងតំបន់។
ដើម្បីអាចដាក់ពាក្យ បេក្ខជនត្រូវបំពេញសំណុំបែបបទពាក្យស្នើសុំឱ្យបានពេញលេញ តាមរយៈតំណភ្ជាប់៖ https://www.eastwestcenter.org/apply/indo-pacific-leadership-lab អមដោយលិខិតបញ្ជាក់សមត្ថភាព (Letter of Reference)។ ដំណើរការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១:៥៩ យប់ (ម៉ោងស្តង់ដារហាវ៉ៃ HST) ហើយកាលបរិច្ឆេទផុតកំណត់សម្រាប់ផ្ញើលិខិតបញ្ជាក់សមត្ថភាព (Recommendation) គឺនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១:៥៩ យប់ (HST) ៕