Khmer suport khmer cc time

ក្រុមប្រឹក្សាយុវជនកម្ពុជា មកពីខេត្តកណ្តាល កំពង់ចាម និងកំពង់ធំ បានជ័យលាភីក្នុងកម្មវិធីប្រកួតគម្រោងផែនការសកម្មភាព២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀមរាប៖ ការប្រកួតគម្រោងផែនការសកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជាទាំង ២៥រាជធានី ខេត្ត ក្រោមប្រធានបទ «ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស» រកឃើញជ័យលាភីមេដាយមាស បានទៅលើ ក្រុមប្រឹក្សាយុវជនកម្ពុជា វិទ្យាល័យ ហស. ROTA ខ្សាច់កណ្ដាល ខេត្តកណ្ដាល ខណៈជ័យលាភីមេដាយប្រាក់បានទៅលើក្រុមប្រឹក្សាយុវជនកម្ពុជា វិទ្យាល័យ ជា ស៊ីម ប្រឡាយ ខេត្តកំពង់ធំ និងជ័យលាភីមេដាយសំរឹទ្ធ បានទៅលើក្រុមប្រឹក្សាយុវជនកម្ពុជា វិទ្យាល័យ សម្ដេចជួនណាត ខេត្តកំពង់ចាម។

យោងតាមគេហទំព័រក្រសួងអប់រំ នាយកដ្ឋានអប់រំយុវជន និងកុមារ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥រាជធានី ខេត្ត គ្រូឧទ្ទេស គ្រូដឹកនាំ និងបេក្ខជនមកពី ២៥រាជធានី ខេត្ត សរុបប្រមាណ ២៨៥នាក់ ស្រី ១៦៥នាក់។

ថ្លែងក្នុងកម្មវិធីបិទនេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ បានគូសបញ្ជាក់ថា គ្រប់គម្រោងដែលក្រុមនីមួយៗបង្កើតឡើងសុទ្ធសឹងតែឆ្លើយតបទៅនឹងបញ្ហានៅក្នុងសាលារៀនជាក់ស្ដែង ដែលមានរួមបញ្ចូលនូវការប្រកួតគម្រោងផែនការសកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជាទាំង ២៥រាជធានី ខេត្ត ក្រោមប្រធានបទ «ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស» មានរៀបចំវេទិកាចែករំលែករបស់វាគ្មិនស្ដីពី សារៈសំខាន់នៃការអប់រំ និងការត្រៀមខ្លួនសម្រាប់អាហារូបករណ៍ក្រៅប្រទេស សុខភាពយុវជន ឧត្តមានុវត្តន៍ការងារក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៃសាលាបឋមសិក្សា និងវិទ្យាល័យទួលថ្ម ខេត្តកំពង់ចាម ការការពារសន្តិសុខឌីជីថល ព្រមទាំងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រខេត្តសៀមរាប។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា ការប្រកួតប្រជែងគម្រោងផែនការសកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជា ឆ្នាំ២០២៦ មកពីទាំង ២៥ រាជធានី-ខេត្ត ជ័យលាភីមេដាយមាសបានទៅលើក្រុមប្រឹក្សាយុវជនកម្ពុជា វិទ្យាល័យ ហស. ROTA ខ្សាច់កណ្ដាល ខេត្តកណ្ដាល តាមរយៈគម្រោង «ជួយសិស្សរៀនយឺតលើកកម្ពស់លទ្ធផលសិក្សា»។ រីឯជ័យលាភីមេដាយប្រាក់ បានទៅលើក្រុមប្រឹក្សាយុវជនកម្ពុជា វិទ្យាល័យ ជា ស៊ីម ប្រឡាយ ខេត្តកំពង់ធំ ជាមួយគម្រោង «ការអភិវឌ្ឍសក្ដានុពលការអប់រំ» ខណៈដែលជ័យលាភីមេដាយសំរឹទ្ធ បានទៅលើក្រុមប្រឹក្សាយុវជនកម្ពុជា វិទ្យាល័យ សម្ដេចជួនណាត ខេត្តកំពង់ចាម ក្រោមគម្រោង «វិទ្យាសាស្ត្រប្រៀបដូចផ្ការីកគ្រប់រដូវ»។

រដ្ឋលេខាក្រសួងអប់រំ សេរី ជំនះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ ដែលបានផ្ដល់ឱកាសដល់យុវជន និងកុមារធ្វើការចែករំលែកបទពិសោធពីគ្នាទៅវិញទៅមកក្នុងការអនុវត្តសកម្មភាពការងារក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា ផ្ដល់ការលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាដែលសកម្ម និងជាវេទិការវាងថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារយុវជន ដើម្បីពិភាក្សា និងជំរុញដំណើរការក្រុមប្រឹក្សាឱ្យកាន់តែប្រសើរ។លោកបានគូសបញ្ជាក់ថា ចលនាប្រឡងប្រណាំង ៣ល្អ មិនត្រឹមតែជាការប្រកួតប្រជែងធម្មតានោះទេ ប៉ុន្តែគឺជា «មគ្គុទ្ទេសក៍ជីវិត» និងជាស្ពានគំរូក្នុងការភ្ជាប់ការអប់រំផ្នែកចំណេះដឹង ទៅនឹងការបណ្ដុះបណ្ដាលគុណធម៌ សីលធម៌ សុជីវធម៌ និងការទទួលខុសត្រូវ៕


Khcct banner

អត្ថបទទាក់ទង