ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ «មហោស្រពល្ខោននិយាយ ថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៦» ក្រោមប្រធានបទដ៏ «កិច្ចការពារ អភិរក្ស និងថែរក្សា សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ» រយៈពេលពីរថ្ងៃពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើផ្លូវថ្មើរជើងចតុម្មុខ លើសួនតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញ។
យោងតាមគេហទំព័រផ្លូវការនៃ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា មហោស្រពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយទម្រង់សិល្បៈល្ខោននិយាយខ្មែរ ព្រមទាំងផ្តល់វេទិកាដល់សិល្បករ សិល្បការិនីក្នុងការបញ្ចេញទេពកោសល្យ និងប្រកួតប្រជែងដណ្តើមជ័យលាភី។ លើសពីនេះ កម្មវិធីក៏មានទិសដៅបំផុស និងបណ្តុះស្មារតីសាធារណជន ជាពិសេសស្រទាប់យុវជន ឱ្យកាន់តែយល់ច្បាស់ពីតម្លៃនៃសម្បត្តិវប្បធម៌ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាការពារកេរដំណែលដូនតាឱ្យបានគង់វង្ស។
មន្ទីរវប្បធម៌រាជធានីភ្នំពេញ អំពាវនាវឱ្យសិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមសិល្បករ ក៏ដូចជាចូលរួមចំណែកថែរក្សា និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិខ្មែរឱ្យកាន់តែរីកចម្រើន៕