Khmer suport khmer cc time

ឱកាសចូលរួមវេទិកាយុវជនស្តីពី «យុវជន និងអនាគតការងារក្នុងយុគសម័យឌីជីថលនៃសហគមន៍ហ្វ្រង់កូហ្វូនី»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មជ្ឈមណ្ឌល PPDM នៃសាកលវិទ្យាល័យអូតាវ៉ា (uOttawa) សហការជាមួយអង្គការមូលនិធិអាស៊ី (The Asia Foundation) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ប្រកាសជ្រើសរើសសិស្ស និស្សិត ព្រមទាំងយុវជនជំនាញកម្ពុជា ឱ្យដាក់ពាក្យចូលរួមក្នុងវេទិកាយុវជនស្តីពី «យុវជន និងអនាគតការងារក្នុងយុគសម័យឌីជីថលនៃសហគមន៍ហ្វ្រង់កូហ្វូនី»។ វេទិកាថ្នាក់តំបន់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នឹងរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៦ ដែលប្រទេសកម្ពុជាធើ្វជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីប្រទេសជាសមាជិកទាំង ៨៨ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ជុំវិញប្រធានបទស្តីពីភាពធន់ ការវិវត្តឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ 

យោងតាមគេហទំព័រ The Asia Foundation បានឱ្យដឹងថា កម្មវិធីនេះបើកទូលាយសម្រាប់យុវជនដែលមានអាយុចន្លោះពី ១៨ ដល់ ២៨ ឆ្នាំ ដែលមានចំណាប់អារម្មណ៍លើសហគមន៍ប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) ការផ្លាស់ប្តូរចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល អនាគតការងារ ការអភិវឌ្ឍយុវជន និងបញ្ហាការងារពាក់ព័ន្ធនានា។

បើតាមប្រភពដដែល បេក្ខជនដែលមានបំណងចូលរួមត្រូវមានសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាខ្មែរ ឬភាសាបារាំង មានឆន្ទៈមោះមុតក្នុងការចែករំលែកទស្សនទាន ផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាញទំនាក់ទំនងជាមួយយុវជនដទៃទៀត ព្រមទាំងមានលទ្ធភាពចូលរួមពេញមួយថ្ងៃនៃកម្មវិធីនាថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ។

សម្រាប់យុវជននិយាយភាសាបារាំង ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ដូចជាប្រទេសកម្ពុជា បច្ចេកវិទ្យាឌីជីថល ការវិវត្តនៃទីផ្សារការងារ និងការផ្លាស់ប្តូរនៅថ្នាក់ឧត្តមសិក្សាកំពុងបង្កើតជាឱកាស និងបញ្ហាប្រឈមផ្សេងៗ។ ភាសាបារាំង ជាភាសាដែលត្រូវបានប្រើប្រាស់ច្រើនជាងគេលំដាប់ទីបួននៅលើបណ្តាញអ៊ីនធឺណិត ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ វេទិកាផ្សេងៗ និងឧបករណ៍ algorithm នៅលើអ៊ីនធឺណិត ភាគច្រើនដំណើរការជាភាសាអង់គ្លេស។ សន្និសីទយុវជននេះនឹងផ្តោតលើបញ្ហាប្រឈមទាំងនេះ។ 

គោលបំណងនៃកម្មវិធី គឺដើម្បីឆ្លុះបញ្ចាំងពីអនាគតនៃការងារសម្រាប់យុវជន និងស្វែងរកគោលនយោបាយផ្សេងៗដែលអាចគាំទ្រដល់ការចូលរួមប្រកបដោយបរិយាបន្នរបស់យុវជននិយាយភាសាបារាំងក្នុងបរិបទនៃការវិវត្តឌីជីថល។ កម្មវិធីនេះនឹងចូលរួមដោយ យុវជន តំណាងរដ្ឋាភិបាល តំណាងវិស័យឯកជន តំណាងសង្គមស៊ីវិល និងតំណាងវិស័យអប់រំ។

គណៈកម្មការរៀបចំបានបញ្ជាក់ថា បេក្ខជនដែលចេះភាសាបារាំងត្រូវបានលើកទឹកចិត្តជាពិសេស ប៉ុន្តែភាសាបារាំងមិនមែនជាលក្ខខណ្ឌតម្រូវដាច់ខាតនោះទេ ព្រោះក្នុងកម្មវិធីទាំងមូលនឹងមានការរៀបចំសេវាបកប្រែផ្ទាល់មាត់ (ខ្មែរ-បារាំង) ។ កាលបរិច្ឆេទនៃការទទួលពាក្យត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ យុវជនដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/WbmNGPMbM67m4WAp6 ឬទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈអ៊ីមែល [email protected]៕

Khcct banner

អត្ថបទទាក់ទង