ភ្នំពេញ៖ យុវជន សិស្សនិស្សិត និងអ្នកជំនាញកសិកម្មកម្ពុជា-ចិន ប្រមាណ ១៥០នាក់ បានជួបជុំគ្នាក្នុងកម្មវិធីពិសេសមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញកសិកម្មទំនើប» នៃកិច្ចពិភាក្សាយុវជនចិន–អាស៊ាន ស្ដីពី «ការកសាងផ្ទះកាន់តែប្រសើរ» សំដៅជួយបង្កើនទិន្នផល និងលើកកម្ពស់ជីវភាពរបស់កសិករ។
កម្មវិធីនេះរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី (ចិន) ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វេទិកានេះផ្តោតសំខាន់លើការជំរុញកសិកម្មឆ្លាតវៃ (Smart Agriculture) កសិកម្មបៃតង និងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល មកបម្រើឱ្យកិច្ចសហប្រតិបត្តិការ «ច្រករបៀងមច្ឆា និងអង្ករ» រវាងប្រទេសទាំងពីរ។
លោក សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ជំនួបនេះជាឱកាសល្អសម្រាប់យុវជនក្នុងការបញ្ចេញគំនិតច្នៃប្រឌិត និងចាប់ដៃគូសហការគ្នា ដើម្បីប្រែក្លាយកសិកម្មកម្ពុជាឱ្យកាន់តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងរឹងមាំចំពោះមុខការប្រែប្រួលអាកាសធាតុ។ ស្របពេលជាមួយគ្នានេះ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ប្រធានបទនេះពិតជាឆ្លើយតបត្រូវចំពេល និងស្របតាមនិន្នាការនៃការវិវត្តរបស់ពិភពលោក។
នៅក្នុងកម្មវិធី តំណាងក្រុមហ៊ុនកសិកម្ម និងយុវជននៃប្រទេសទាំងពីរបានបង្ហាញពីការអនុវត្តបច្ចេកវិទ្យាជាក់ស្ដែងលើចម្ការ ដូចជា ការដាំដុះតាមបែបឆ្លាតវៃ និងការគ្រប់គ្រងចម្ការឱ្យបានហ្មត់ចត់ ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក និងការប្រើប្រាស់ជីឱ្យត្រូវបច្ចេកទេស ព្រមទាំងការការពារបរិស្ថានកសិកម្ម និងការប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
កម្មវិធីក៏បានរៀបចំវគ្គសន្ទនាជាមួយអ្នកជំនាញផងដែរ ក្នុងនោះរួមមាន លោកស្រី ចូវ យ៉ាង ក្សេត្រវិទូជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិសេវាកម្មផ្សព្វផ្សាយ បច្ចេកទេសកសិកម្មចិន លោក វ៉ាង ស៊ីជៀ អ្នកជំនាញកសិកម្មនៃគម្រោងកាត់បន្ថយភាពក្រីក្ររបស់ក្វាងស៊ី និងលោក ងួន សំណាង អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា បានចែករំលែកបច្ចេកទេសដាំដុះដំណាំ បច្ចេកទេសប្រើប្រាស់ជីតាមបែបវិទ្យាសាស្ត្រ និងបទពិសោធន៍អភិវឌ្ឍកសិកម្មបៃតងរៀងៗខ្លួន ព្រមទាំងផ្តល់អនុសាសន៍ស្ដីពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការកសិកម្មទំនើបចិន–កម្ពុជាកាន់តែស៊ីជម្រៅ និងការគាំទ្រយុវជនក្នុងការច្នៃប្រឌិត និងការចាប់ផ្តើមអាជីវកម្ម ដើម្បីផ្តល់ជាគំនិតសម្រាប់យុវជន នៃប្រទេសទាំងពីរចូលរួមក្នុងកិច្ចសហប្រតិបត្តិការកសិកម្ម។
ក្រៅពីកិច្ចពិភាក្សាលើផ្នែកបច្ចេកទេស អ្នកចូលរួមទាំងអស់ក៏បានស្វែងយល់ពីវប្បធម៌ប្រពៃណីរបស់ចិន តាមរយៈការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌ និងការភ្លក់តែបែបបុរាណ ដែលជាស្ពានជួយរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ទៅថ្ងៃមុខ ភាគីទាំងពីរគ្រោងនឹងបន្តរៀបចំវេទិកាយុវជនបែបនេះជាប្រចាំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង និងពង្រីកកិច្ចសហការបច្ចេកវិទ្យាកសិកម្មឱ្យកាន់តែទូលំទូលាយ៕