Khmer suport khmer cc time

យុវតីឆ្នើម៣រូប នឹងតំណាងកម្ពុជា ក្នុងកម្មវិធីអ្នកបង្កើតមាតិកាអាស៊ាន នៅសិង្ហបុរីដោយផ្តោតលើភាពត្រឹមត្រូវនៃព័ត៌មាន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ យុវតីឆ្នើម ៣រូបនឹងតំណាងកម្ពុជា ក្នុងកម្មវិធីអ្នកបង្កើតមាតិកាអាស៊ាន (i-SEA Fellowship) ក្នុងចំណោមយុវជន ៣៦នាក់ មកពីបណ្តាប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ ឥណ្ឌា និងចិន។ យុវតីទាំងបីរូបរួមមាន កញ្ញា ស្មាន ហ្វារ៉ានី, កញ្ញា ឈួរ គីមហ្គេច, និង កញ្ញា គីម ម៉ារីជែន។ យុវតីទាំងបីរូបនេះ ត្រូវបានជ្រើសរើសដោយសម្រិតសម្រាំង ពីក្នុងចំណោមអ្នកដាក់ពាក្យ ចំនួន ៤៣០០នាក់ ហើយពួកគាត់ នឹងសិក្សាស្វែងយល់ផ្តោតលើ ភាពត្រឹមត្រូវនៃព័ត៌មាន (Information Integrity) ដើម្បីបង្កើតភាពវិជ្ជមាននៅក្នុងការផលិតមាតិកាក្នុងបណ្តាញសង្គម។

កញ្ញា ស្មាន ហ្វារ៉ានី

នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ កញ្ញា ហ្វារ៉ានី បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកាតទៅ យុវជនតំណាងទាំង ៣៦រូប ដែលជាអ្នកបង្កើតមាតិកា នឹងសិក្សាអំពីមេរៀនទាំងថ្នាក់អនឡាញ និងផ្ទាល់រយៈពេល បួនសប្តាហ៍។ ពួកគេ នឹងទទួលបានការហ្វឹកហ្វឺន ពីអ្នកសិក្សាស្រាវជ្រាវ អ្នកស្រាវជ្រាវផ្នែកប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អ្នកផ្ទៀងផ្ទាត់ការពិត អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម។ ថ្នាក់អនឡាញ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

គីម ម៉ារីជែន

កញ្ញាបន្តថា កម្មវិធីនេះ នឹងបញ្ចប់ទៅដោយព្រឹត្តិការណ៍ Hackathon (ការប្រកួតបង្កើតដំណោះស្រាយបច្ចេកទេស) ដែលធ្វើឡើងដោយផ្ទាល់ រយៈពេល មួយសប្តាហ៍ នៅប្រទេសសិង្ហបុរី គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៦ ជាពេល ដែលអ្នកចូលរួមនឹងសហការគ្នាដើម្បីបង្កើតដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហាប្រឈមជាក់ស្តែងពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃព័ត៌មាន។

កញ្ញា ឈួរ គីមហ្គេច

ចំពោះ កញ្ញា ហ្វារ៉ានី ដែលជាយុវជនតំណាងផ្ទាល់ បានប្រាប់មកកាន់ស៊ីស៊ីថាមស៍ថា ក្នុងនាមជាអ្នកបង្កើតមាតិកាចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស, ការស្ម័គ្រចិត្តក្នុងស្រុក នឹងចំណេះដឹងទូទៅម្នាក់  កញ្ញាពិតជា មានអារម្មណ៍សប្បាយរីករាយណាស់ដែលបានជាប់ ចូលរួមក្នុងកម្មវិធីមួយនេះព្រោះកម្មវិធីមួយនេះគឺល្អខ្លាំងណាស់សម្រាប់គាត់ ដោយមិនត្រឹមតែឲ្យកញ្ញាបានរៀនសូត្រពីការបង្កើតមាតិការបែបវិជ្ជមាន និងមានភាពត្រឹមត្រូម ដើម្បីចែករំលែកបន្តដល់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាថែមទាំងអាចមានឱកាសក្នុងការបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ និងអាចសិក្សាស្វែងយល់ពីអ្នកផលិតមាតិការមកពីបណ្តាប្រទេសផ្សេងៗទៀតផង។

គួរបញ្ជាក់ថា កម្មវិធី ISEA-Fellowship 2026 នឹងធ្វេីឡេីងនៅប្រទេសសិង្ហបុរី ( Nanyang Technological University (NTU) នឹង Wee Kim Wee School of Communication and Information (WKWSCI) ចាប់ពីថ្ងៃទី7រហូតដល់ថ្ងៃ12 ខែធ្នូ ឆ្នាំ 2026៕

Khcct banner

អត្ថបទទាក់ទង