ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងទូន្មានដល់យុវជនខ្មែរ កុំប្រឹងប្រែងសម្ញែង«ទ្រព្យសម្បត្តិ ឬសម្ភារនិយម»រត់តាមគេ ហើយត្រូវខិតខំប្រឹងប្រែងសន្សំសំចៃថវិកា ត្រូវមានម្ចាស់ការលើខ្លួនឯងកុំពឹងផ្អែកតែការផ្តល់ជំនួយពីឪពុកម្តាយ។ការសម្ញែងទ្រព្យសម្បត្តិ ឬសម្ញែងសម្ភារនិយម សម្តេចចាត់ទុក គឺជារឿងអត់ប្រយោជន៍។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស បន្តខិតខំប្រឹងប្រែងរៀនសូត្រ ហើយបើរៀនអ្វីមួយ គឺត្រូវរៀនឱ្យច្បាស់ និងកុំភ្លេចការខិតខំថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពសំខាន់ជាងអ្វីៗទាំងអស់ បើគ្មានសុខភាព នោះការសិក្សារៀនសូត្រ និងការបំពេញការងារ ក៏មិនអាចធ្វើទៅរួចដែរ។
ទាក់ទងនឹងយុវជនខ្មែរបច្ចុប្បន្ន សម្តេចនាយករដ្ឋមន្ត្រី បានវាយតម្លៃថា យុវជនឥឡូវ មានឯករាជ្យភាពរបស់ខ្លួនបានច្រើនជាងមុន មិនសូវពឹងផ្អែកលើឪពុកម្តាយ។តែយ៉ាងណាសម្តេច បានទូន្មានយុវជនថាកុំ«សម្ញែងទ្រព្យសម្បត្តិ ឬសម្ញែងសម្ភារនិយម» ពោលគឺ ត្រូវចេះសន្សំសំចៃ ហើយកុំរត់តាមគេ។
ក្រៅពីការទូន្មាន សម្តេចនាយករដ្ឋមន្ត្រី បានបន្តលើកទឹកចិត្តឱ្យយុវជន ត្រូវចេញស្វែងរកការងារធ្វើក្រៅម៉ោង ឬការងារស្ម័គ្រចិត្ត កុំចាំរៀងចប់ ដើម្បីទទួលបានបទពិសោធន៍ថ្មីសម្រាប់អភិវឌ្ឍខ្លួនដោយកុំមានភាពខ្មាស់អៀង ហើយថវិកាដែលទទួលបានពីការប្រឹងប្រែង គឺមានន័យសម្រាប់ខ្លួនឯង៕