ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (ក.ជ.យ.) នឹងរៀបចំ «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៦» ពេញមួយថ្ងៃ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ KAMPUS រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រមូលផ្តុំយុវជនប្រមាណ ២៥០ នាក់ ដែលជាតំណាងមកពីគ្រឹះស្ថានឧត្តមសិក្សានានាក្នុងរាជធានីភ្នំពេញ ស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការ និងសមាគមយុវជន ដើម្បីរួមគ្នាផ្លាស់ប្តូរទស្សនទាន ចែករំលែកបទពិសោធន៍ និងបង្កើតបណ្តាញទំនាក់ទំនងសម្រាប់កិច្ចសហការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។
វេទិកានេះត្រូវបានបង្កើតឡើងក្រោមចក្ខុវិស័យទទួលស្គាល់យុវជនជាកម្លាំងស្នូល និងជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) កម្មវិធីនេះមានគោលបំណងកសាង និងពង្រឹងសមត្ថភាពយុវជនលើការគិតវិភាគ ការច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ជំនាញឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ វេទិកាក៏ផ្តោតសំខាន់លើការលើកកម្ពស់គុណភាពអប់រំ និងជំនាញចាំបាច់សម្រាប់សតវត្សរ៍ទី២១ តាមរយៈការស្វែងយល់ពីកម្មវិធីវាយតម្លៃសមត្ថភាពសិស្សអន្តរជាតិ (PISA) ព្រមទាំងបំផុសឱ្យយុវជនចូលរួមយ៉ាងសកម្មជាភ្នាក់ងារ និងជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
យោងតាមរបៀបវារៈនៃកម្មវិធី វេទិកានាពេលព្រឹកនឹងបើកដំណើរការជាផ្លូវការក្រោមសុន្ទរកថារបស់ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ ខណៈ លោក អ៊ុង ជិនណា អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ នឹងធ្វើបទបង្ហាញស្តីពី «ការចូលរួមរបស់កម្ពុជា ក្នុងកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA)»។ អង្គពិធីពេលព្រឹកក៏នឹងបន្តទៅវេទិកាពិភាក្សាទី១ លើប្រធានបទ «PISA និងលទ្ធផលសិក្សារបស់សិស្សនៅកម្ពុជា» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន លោក ឌី ខាំបូលី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ លោក សរ សារិន អនុប្រធាននាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ និងលោកស្រី ជិន វិច្ឆិកា គ្រូបង្រៀនមកពីសាលារៀនជំនាន់ថ្មី។
ឈានចូលកម្មវិធីនាពេលរសៀល អង្គវេទិកានឹងផ្តោតលើការកសាងមុខមាត់ជាតិ តាមរយៈបទបង្ហាញពិសេសក្រោមប្រធានបទ «ពួកយើងជាទូតសុឆន្ទៈរបស់ជាតិ៖ We Are Our Nation's Ambassadors» ដោយតំណាងមកពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្តបន្ទាប់មក វេទិកាពិភាក្សាទី២ នឹងលើកយកប្រធានបទ «យុវជនជាភ្នាក់ងារផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជា» មកជជែកដេញដោល ដោយមានវាគ្មិនមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បៈករខ្មែរ និងលោក ហ៊ា នីតូ (Nito H Lim) ដែលជាអ្នកបង្កើតមាតិកា។
កម្មវិធីពេញមួយថ្ងៃនេះ នឹងត្រូវបិទបញ្ចប់ជាផ្លូវការបន្ទាប់ពីការថ្លែងរបាយការណ៍បូកសរុបដំណើរការវេទិកាដោយ លោកស្រី ស្រួយ សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.យ. និងការថ្លែងសុន្ទរកថាបិទវេទិកា ដោយ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន៕