Khmer suport khmer cc time

អាម៉េរិក ប្រកាសរើសអ្នកដឹកនាំសហគមន៍ អាយុចន្លោះ ២៧-៣៩ឆ្នាំ ដើម្បីចូលរួមកម្មវិធី Community Solutions Program ឆ្នាំ២០២៧

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងការបរទេសអាម៉េរិក សហការជាមួយអង្គការ IREX បើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធីផ្លាស់ប្តូរ និងអភិវឌ្ឍន៍វិជ្ជាជីវៈ Community Solutions Program (CSP) សម្រាប់វគ្គឆ្នាំ២០២៧។ កម្មវិធីអាហារូបករណ៍ពេញលេញនេះ ផ្តោតលើការពង្រឹងសមត្ថភាពអ្នកដឹកនាំសហគមន៍ដែលមានបទពិសោធន៍ ដែលមានអាយុចន្លោះពី ២៧ ដល់ ៣៩ ឆ្នាំ ដើម្បីបង្កើតឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ផលជះវិជ្ជមានដល់មូលដ្ឋាន។

កម្មវិធី CSP ជ្រើសរើសបេក្ខជនដែលមានអាយុចន្លោះពី ២៧ ដល់ ៣៩ ឆ្នាំ និងមានបទពិសោធន៍ការងារយ៉ាងតិច ៥ ឆ្នាំ លើវិស័យសំខាន់ៗមួយចំនួន រួមមាន ធុរកិច្ច និងសហគ្រិនភាព, បច្ចេកវិទ្យា និងនវានុវត្តន៍, បដិសណ្ឋារកិច្ច និងទេសចរណ៍, ឧស្សាហកម្មម្ហូបអាហារ និងប្រព័ន្ធស្បៀង, ពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្ម, សហគ្រិនភាពនៅតំបន់ជនបទ ព្រមទាំងការអភិវឌ្ឍកម្លាំងពលកម្ម និងសេដ្ឋកិច្ចមូលដ្ឋាន។

បេក្ខជនដែលត្រូវបានជ្រើសរើសនឹងចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវិជ្ជាជីវៈរយៈពេលមួយឆ្នាំពេញ ដោយក្នុងនោះរួមបញ្ចូលទាំងការចុះអនុវត្តការងារជាក់ស្តែងរយៈពេល ១២ សប្តាហ៍ នៅតាមអង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋបាលមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងអំឡុងឆ្នាំ២០២៧។ ស្របគ្នានេះ អ្នកចូលរួមនឹងទទួលបានការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំតាមរយៈវិទ្យាស្ថាន Community Leadership Institute ទាំងមុន អំឡុងពេល និងក្រោយការស្នាក់នៅសហរដ្ឋអាមេរិក ព្រមទាំងតម្រូវឱ្យបង្កើតគម្រោងសហគមន៍ (SCALE-Up Project) មួយ ដើម្បីយកទៅអនុវត្តផ្ទាល់នៅក្នុងប្រទេសកំណើតរបស់ខ្លួនក្រោយត្រឡប់មកវិញ។

កម្មវិធី Community Solutions Program ទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្របសម្រួលប្រតិបត្តិការដោយអង្គការ IREX។ គិតមកទល់បច្ចុប្បន្ន កម្មវិធីនេះបានផ្ដល់បទពិសោធន៍ផ្លាស់ប្តូរវិជ្ជាជីវៈដល់ថ្នាក់ដឹកនាំអន្តរជាតិជាង ១.០០០ នាក់ និងបានជួយដល់ប្រជាជនជាង ៦២៩.០០០ នាក់នៅទូទាំងពិភពលោក តាមរយៈគម្រោងសហគមន៍នានា។ កម្មវិធីនេះក៏បានចាប់ដៃគូជាមួយអង្គការម្ចាស់ផ្ទះជាង ៤៧០ ក្នុងរដ្ឋចំនួន ៤០ និងរដ្ឋធានីវ៉ាស៊ីនតោន ដែលភាគច្រើនជាស្ថាប័នខ្នាតតូចនិងមធ្យម ខណៈដែលអ្នកចូលរួមរហូតដល់ ៩៦ ភាគរយ បានបញ្ជាក់ពីការកើនឡើងនូវជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំជាក់ស្តែង។

ការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ បេក្ខជនអាចដាក់ពាក្យតាមតំណភ្ជាប់៖ Link ។ ក្រៅពីការអភិវឌ្ឍសមត្ថភាពបុគ្គល កម្មវិធីនេះមានគោលដៅយុទ្ធសាស្ត្រក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិរយៈពេលវែង និងកសាងបណ្តាញអ្នកជំនាញចម្រុះវិស័យនៅជុំវិញពិភពលោក ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច និងសហគមន៍ប្រកបដោយចីរភាព៕

Khcct banner

អត្ថបទទាក់ទង