Khmer suport khmer cc time

ឱកាសសម្រាប់យុវជន ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅប្រទេសម៉ាឡេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អាហារូបករណ៍ ASEAN Monash University កំពុងបើកទទួលពាក្យសម្រាប់និស្សិតនៅក្នុងបណ្តាប្រទេសនានា នៅក្នុងអាស៊ាន ដែលរួមមានកម្ពុជា ឱ្យដាក់ពាក្យបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី។

យោងតាមគេហទំព័រផ្លូវការរបស់ Monash University បានឱ្យដឹងថា ចំពោះនិស្សិតដែលទទួលបានអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រនឹងសិក្សាដោយឥតគិតថ្លៃព្រមទាំងទទួលបាន ប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលសិក្សា និងកុំព្យូទ័រយួរដៃមួយគ្រឿង។ រីឯ និស្សិតដែលទទួលបានអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិញ នឹងទទួលបានតែការរ៉ាប់រងលើថ្លៃសិក្សាតែប៉ុណ្ណោះ។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជន ត្រូវបំពេញសំណើរចូលរៀននៅសាកលវិទ្យាល័យ Monash ជាមុនសិន។ បន្ទាប់ពី ត្រូវបានទទួលឱ្យចូលរៀនហើយ បេក្ខជនត្រូវមានលក្ខខណ្ឌសមស្របទៅនឹងតម្រូវការដូចជា ជាសិស្ស ឬនិស្សិតពូកែ មានតម្រូវការហិរញ្ញវត្ថុ និងមានភាពសកម្មនៅក្នុងកិច្ចការងារសង្គម ហើយសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រតម្រូវឱ្យមានរបាយការណ៍ប្រាក់ចំណូលឪពុកម្តាយ ឬអាណាព្យាបាលផងដែរ។ ជាមួយគ្នា ចំពោះអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បេក្ខជនមិនត្រូវកំពុងសិក្សាថ្នាក់អនុបណ្ឌិតណាមួយ កំឡុងពេលដាក់ពាក្យឡើយ។

គួរបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះអាហារូបករណ៍មួយនេះ អាចចូលទៅអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ តំណភ្ជាប់ ។ បន្ថែមពីនេះ អាហារូបករណ៍នេះ នឹងបិទទទួលពាក្យនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់វគ្គសិក្សាដែលចូលរៀននៅខែកុម្ភៈ និងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៧ សម្រាប់វគ្គសិក្សាដែលចូលរៀននៅខែកក្កដា។ ដោយឡែក ចំពោះថ្នាក់អនុបណ្ឌិតផ្នែកស្រាវជ្រាវ (ត្រូវការនិក្ខេបបទ) នឹងបើកទទួលពាក្យរហូតគ្រប់ចំនួនកំណត់៕

Khcct banner

អត្ថបទទាក់ទង