ភ្នំពេញ៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ( វិទ្យាស្ថានជាតិ វបន) កំពុងជ្រើសរើសនិស្សិតឆ្នាំទី៣ ឡើង ទៅ ដែលមានជំនាញពាក់ព័ន្ធ ឱ្យចូលបម្រើការងារជាអ្នកហាត់ការរយៈពេល ៣ខែ ទៅតាមផ្នែកដូចជា វិទ្យាសាស្ត្រអាហារ, មេកានិច និងអគ្គិសនី, ការរចនាក្រាហ្វិក និងការផលិតវីដេអូ, វិភាគទិន្នន័យ, ទំនាក់ទំនងអន្តរជាតិ, និងផ្នែករដ្ឋបាល។ ការជ្រើសរើសនេះ ស្ថិតក្រោមកម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេង (Young Scientists Program - YSP) ជំនាន់ទី ៦ របស់ វិទ្យាស្ថានជាតិ វបន ។
យោងតាមគេហទំព័រផ្លូវការរបស់ វិទ្យាស្ថានជាតិ វបន បានឱ្យដឹងថា នៅក្នុងអំឡុងពេលហាត់ការ និស្សិតទាំងអស់នឹងទទួលបានបទពិសោធន៍ការងារជាក់ស្តែង ការបណ្ដុះបណ្ដាល និងការប្រឹក្សាយោបល់ផ្ទាល់ពីអ្នកជំនាញក្នុងវិស័យនីមួយៗ ព្រមទាំងពង្រឹងសមត្ថភាពទាំងជំនាញទន់ និងជំនាញរឹង។ ជាចុងក្រោយ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្លូវការពី NISTI ផ្ទាល់។
គួរបញ្ជាក់ យុវជនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យត្រូវតែអាចធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ យុវជនអាចដាក់ពាក្យតាម តំណភ្ជាប់ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានថ្នាក់ស្មើអគ្គនាយកដ្ឋាន ជាសេនាធិការបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការស្រាវជ្រាវនិងបណ្តុះបណ្តាលលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕