ភ្នំពេញ៖ ក្រុមសិល្បៈមកពីសាលានីសិនគ្រីប អាខាដេមី សម្តែងរឿង «ព្រលឹងបដិមា»បានជ័យលាភីលេខ១ ក្នុង«មហោស្រពល្ខោននិយាយថ្នាក់រាជធានីភ្នំពេញ» ខណៈជ័យលាភីលេខ២ បានទៅលើសាលាប៊ែលធីអន្តរជាតិទី១៨ (ព្រែកឯង) និងជ័យលាភីលេខ៣ បានទៅលើសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី១។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីបិទ «មហោស្រពល្ខោននិយាយថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៦» នៅបរិវេណផ្លូវថ្មើរជើងចតុម្មុខ ។ ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈល្ខោននិយាយ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
នៅក្នុងការប្រកួតប្រជែងនេះ មានក្រុមសិល្បៈសរុបចំនួន ៥ ក្រុមបានចូលរួមបញ្ចេញសមត្ថភាពយ៉ាងស្វិតស្វាញ។ ជាលទ្ធផល ជ័យលាភីលេខ១ អមដោយពានរង្វាន់ និងថវិកា បានទៅលើក្រុមសិល្បៈមកពីសាលានីសិនគ្រីប អាខាដេមី ខណៈជ័យលាភីលេខ២ អមដោយពានរង្វាន់ និងថវិកា បានទៅលើសាលាប៊ែលធីអន្តរជាតិទី១៨ (ព្រែកឯង) ហើយជ័យលាភីលេខ៣ ទទួលបានពានរង្វាន់កិត្តិយស បានទៅលើសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី១។ ដោយឡែក ក្រុមសិល្បៈសាលារៀនសុវណ្ណភូមិទី៥៣ (ទីតាំងផ្លូវ២៧១) និងក្រុមសិល្បៈសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាវណ្ណហុង ក៏ទទួលបានបណ្ណសរសើរសម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមលើកស្ទួយទម្រង់សិល្បៈមួយនេះផងដែរ។
ពិធីបិទ «មហោស្រពល្ខោននិយាយថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៦» ត្រូវបានរៀបចំឡើងនៅបរិវេណផ្លូវថ្មើរជើងចតុម្មុខ ដោយមានវត្តមាន លោកស្រី សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ក្នុងឱកាសនេះ អនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍សិល្បៈផ្សេងៗទៀតទៅតាមលទ្ធភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ថែរក្សា និងអភិរក្សមរតកវប្បធម៌ជាតិឱ្យបានគង់វង្សយូរអង្វែង។ បន្ថែមពីនេះ លោលស្រីបានផ្តាំផ្ញើដល់យុវជន សិល្បករ សិល្បការិនីទាំងអស់ ឱ្យបន្តរក្សាស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ និងបន្តចូលរួមសម្តែងក្នុងកម្មវិធីសិល្បៈជាបន្តបន្ទាប់ទៀត៕