ភ្នំពេញ ៖ អាហារូបករណ៍ JDS 2026 កំពុងតែបើទទួលពាក្យសម្រាប់បុគ្គលិក បម្រើការងារនៅក្នុងជួររដ្ឋាភិបាល ដែលមានអាយុក្រោម ៤៥ឆ្នាំ ឱ្យដាក់ពាក្យបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន។ អាហារូបករណ៍នេះ នឹងរ៉ាប់រងលើថ្លៃចំណាយទាំងអស់ដែលមានដូចជា ការធ្វើដំណើរ ចំណាយប្រចាំខែ កន្លែងស្នាក់នៅ ការហូបចុក និងធានារ៉ាប់រងផងដែរ។
យោងតាមគេហទំព័រផ្លូវការរបស់ JDS Cambodia ដើម្បីដាក់ពាក្យអាហារូបករណ៍ បេក្ខជនត្រូវតែជាអ្នកបម្រើការនៅតាមអង្គភាពគោលដៅរបស់ JDS នានា ក្នុងជួររដ្ឋាភិបាល និងមានបទពិសោធន៍ការងារយ៉ាងហោចណាស់ ២ឆ្នាំ។ ជាមួយគ្នា បេក្ខជនក៏តម្រូវឱ្យបំពេញនូវឯកសារមួយចំនួនដូចជា ការសរសេរសំណេរខ្លីអំពី ទំនួលខុសត្រូវការងារ ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន មូលហេតុនៃការដាក់អាហារូបករណ៍ និងទស្សនវិស័យនាពេលអនាគត។ បេក្ខជន ត្រូវរៀបរាប់អំពីគម្រោងនៃការស្រាវជ្រាវ ព្រមទាំងរៀបចំឯកសារផ្ទាល់ខ្លួនមួយចំនួនទៀត ដែលមាន ព្រឹត្តិបត្តិពិន្ទុ សញ្ញាបត្រ លិខិតបញ្ជាក់ការងារ លិខិតអនុសាសន៍ លិខិតឆ្លងដែនថតចម្លង និងរូបថតនៅក្នុងអំឡុងពេល ៣ទៅ៤ខែ ចុងក្រោយ។
គួរបញ្ជាក់ថា បេក្ខជនអាចចូលទៅអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ តំណភ្ជាប់ ហើយអាហារូបករណ៍នេះ នឹងបើកទទួលពាក្យ ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៧៕