ភ្នំពេញ៖ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ បានដាក់ឱ្យដំណើរការវគ្គស្វ័យសិក្សាថ្មីមួយលើថ្នាលអភិវឌ្ឍសមត្ថភាព (CDP) ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មានក្នុងបរិវត្តកម្មការអប់រំឌីជីថល»។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញសំខាន់ៗជាច្រើនជុំវិញសុវត្ថិភាពឌីជីថល ដូចជាការការពារសុវត្ថិភាព ឯកជនភាព អត្តសញ្ញាណ និងទិន្នន័យផ្ទាល់ខ្លួននៅលើប្រព័ន្ធអនឡាញ។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា មេរៀនក៏នឹងផ្តោតលើការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតដើម្បីផលិតមាតិកាអប់រំ បង្កើនផលិតភាពការងារ ការបណ្តុះការត្រិះរិះពិចារណាក្នុងការវិភាគនិងវាយតម្លៃព័ត៌មានឱ្យបានត្រឹមត្រូវ ព្រមទាំងការអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកការក្លាយជាពលរដ្ឋឌីជីថល និងការកសាងទម្លាប់សិក្សាពេញមួយជីវិត។
ក្រៅពីខ្លឹមសារមេរៀនស្នូល កម្មវិធីនេះក៏មានផ្តល់ជូននូវធនធានជំនួយស្មារតីបន្ថែមស្តីពីវិធីសាស្ត្របង្រៀន សម្រាប់លោកគ្រូ-អ្នកគ្រូដែលមានបំណងយកទៅបង្រៀន និងចែករំលែកបន្ត។ សាធារណជន លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត អាចចូលរួមចុះឈ្មោះសិក្សាដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ https://cdp.moeys.gov.kh/course/view.php?id=246 ហើយក្រោយពេលបញ្ចប់ការសិក្សាដោយបំពេញបានគ្រប់លក្ខខណ្ឌកំណត់ អ្នកសិក្សានឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលអាចទាញយកបានដោយផ្ទាល់ពីថ្នាល CDP។
គួរបញ្ជាក់ថា វគ្គសិក្សានេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយដល់ការបង្រៀន និងការរៀនប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងភាពច្នៃប្រឌិតខ្ពស់៕