Khmer suport khmer cc time

កម្មវិធីYSEALI សិក្សារយៈពេលខ្លីនៅអាម៉េរិក ជួយដល់ លោក ទុយ ច័ន្ទសុបញ្ញា ពង្រឹងសមត្ថភាពអាជីពការងារ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ទុយ ច័ន្ទសុបញ្ញា បច្ចុប្បន្នជាអនុប្រធានការិយាល័យកិច្ចការយុវជនអន្តរជាតិ នៃនាយកដ្ឋានយុវជន និងកុមារ របស់ក្រសួងអប់រំ យុវជន និងកីឡា បានទទួលបានអាហារូបករណ៍ផ្លាស់ប្តូរបទពិសោធន៍ និងអភិវឌ្ឍសមត្ថភាពក្នុងកម្មវិធី YSEALI Professional Fellows Program (Spring 2026) នៅសហរដ្ឋអាម៉េរិក នាពេលកន្លងមក។ តាមរយៈកម្មវិធី YSEALI លោក ទុយ ច័ន្ទសុបញ្ញា ថែមទាំងទទួលបានឱកាសអនុវត្តគម្រោងជួយបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជននៅតំបន់ជនបទ ខណៈពង្រឹងសមត្ថភាពបន្ថែមលើអាជីពការងារ។

ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ លោក ទុយ ច័ន្ទសុបញ្ញា បានបញ្ជាក់ថា លោកទទួលបានអាហារូបករណ៍ផ្លាស់ប្តូរបទពិសោធន៍ និងអភិវឌ្ឍសមត្ថភាពក្នុងកម្មវិធី YSEALI Professional Fellows Program (Spring 2026) នៅសហរដ្ឋអាម៉េរិក សិក្សារយៈពេល ៦ សប្តាហ៍ (ពីខែមីនា ដល់ ខែមេសា ឆ្នាំ២០២៦)។ លោកបានជ្រើសរើសជំនាញ«ការចូលរួមរបស់ពលរដ្ឋ»Civic Engagement ដោយមានគោលជំហរច្បាស់លាស់ក្នុងការស្វែងយល់ និងសិក្សាពីសមត្ថភាពគ្រប់គ្រងគម្រោងអប់រំបែបច្នៃប្រឌិត ការបង្កើតកម្មវិធីវិទ្យាសាស្ត្រសម្រាប់សហគមន៍ និងយន្តការទាក់ទាញយុវជនឱ្យចូលរួមក្នុងសកម្មភាពសង្គម។

កំឡុងពេលសិក្សានៅអាម៉េរិក លោក ទុយ ច័ន្ទសុបញ្ញា បានចុះអនុវត្តការងារផ្ទាល់ នៅស្ថាប័ន spectrUM Discovery Area នៃសាកលវិទ្យាល័យម៉ុងតាន៉ា (University of Montana) ទីក្រុង Missoula រដ្ឋ Montana និងបានចូលរួមក្នុង YSEALI Fellows Forum នៅរដ្ឋធានី Washington, D.C.។ បន្ថែមពីនេះ លោកក៏ទទួលបានលិខិតអបអរសាទរផ្លូវការ និងការផ្តល់ថវិកាឧបត្ថម្ភគម្រោងពី American Councils for International Education ក្រោមការឧបត្ថម្ភពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដើម្បីអនុវត្តគម្រោង រយះពេលមួយសប្តាហ៍ នៅខេត្តសៀមរាប ប្រទេសកម្ពុជាដោយផ្ទាល់។

លោក ទុយ ច័ន្ទសុបញ្ញា បានបន្ថែមថា កម្មវិធីនេះ និងការទទួលបានថវិកាគម្រោងបន្ថែម បានផ្តល់តម្លៃបន្ថែមយ៉ាងធំធេងដល់អាជីពការងារ រួមមាន ការអភិវឌ្ឍជំនាញដឹកនាំ និងគ្រប់គ្រងគម្រោង៖ រៀនសូត្រពីវិធីសាស្ត្ររៀបចំកម្មវិធីអប់រំសហគមន៍ ការរៀបចំសកម្មភាពបណ្តុះបណ្តាល និងការកសាងកិច្ចសហការរវាងស្ថាប័នអប់រំជាមួយសហគមន៍មូលដ្ឋាន។ ការពង្រីកបណ្តាញទំនាក់ទំនង៖ បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ អ្នកជំនាញ និងយុវជនឆ្នើមមកពីបណ្តាប្រទេសអាស៊ាន និងសហរដ្ឋអាម៉េរិក។ ការអនុវត្តគម្រោងត្រឡប់មកវិញ៖ តាមរយៈថវិកាឧបត្ថម្ភដែលបានជាប់ជ័យលាភីពី American Councils និងចំណេះដឹងដែលទទួលបានពីអាម៉េរិក លោកបានដឹកនាំ និងអនុវត្តគម្រោង «Civic Action Bootcamp: Mobilizing Rural Youth for Community Change» នៅខេត្តសៀមរាប ដោយជោគជ័យ។ គម្រោងនេះបានផ្តោតលើការបណ្តុះបណ្តាលយុវជននៅតំបន់ជនបទឱ្យយល់ដឹងពីភាពជាអ្នកដឹកនាំ ការធ្វើផែនការសកម្មភាពសហគមន៍ និងការចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ពួកគាត់ផ្ទាល់។

ទន្ទឹមនឹងនេះ លោកបានបន្តថា តាមរយៈកម្មវិធីនេះមានចំណុចពិសេសជាច្រើន ដោយអ្នកចូលរួមមិនមែនអង្គុយរៀនតែក្នុងថ្នាក់ឡើយ ប៉ុន្តែត្រូវបានចាត់តាំងឱ្យទៅធ្វើការផ្ទាល់ ជាមួយស្ថាប័ន ឬអង្គការដៃគូនៅអាម៉េរិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារជាក់ស្តែង។ បន្ទាប់ពីបញ្ចប់ការសិក្សានៅអាម៉េរិក យើងមានឱកាសដាក់ពាក្យស្នើសុំថវិកាគម្រោងទៀតផង។ ម្យ៉ាងវិញទៀត អ្នកចូលរួមនឹងទទួលបានបទពិសោធន៍រស់នៅជាមួយ US Host Familyនៅអាម៉េរិក ដែលជាចំណុចពិសេសមួយដែលលោកស្រឡាញ់បំផុត។ ការយកចិត្តទុកដាក់ ភាពស្និទ្ធស្នាល និងការស្វាគមន៍ពីគ្រួសារ បានធ្វើឱ្យលោកមានអារម្មណ៍ថាកក់ក្តៅបំផុត និងយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងជីវភាពរស់នៅពិតប្រាកដរបស់ប្រជាជនអាម៉េរិក។ នៅទីនោះ លោកបានប្រើប្រាស់ជំនាញនៃការនិយាយជាសារធាណៈ គំនូរ និងការធ្វើម្ហូប ដែលជាឱកាសដើម្បីចែករំលែកពីអរិយធម៌ វប្បធម៌ និងអត្តសញ្ញាណខ្មែរទៅកាន់គ្រួសារ host, ស្ថាប័នធ្វើការ និងមិត្តភក្តិអាម៉េរិក។

លោក ទុយ ច័ន្ទសុបញ្ញា ក៏បានចែករម្លែកគន្លឹះសំខាន់ៗ ដើម្បីដាក់ពាក្យកម្មវិធីនេះ រួមមាន៖ យុវជនគួរសិក្សាស្វែងយល់ពីប្រធានបទទាំង៤ ធំរបស់កម្មវិធី ថាតើប្រធានបទមួយណា ដែលផ្សាភ្ជាប់ជាមួយការងារដែរអ្នកកំពុងធ្វើសព្វថ្ងៃ។ ស្គាល់ពីខ្លួនឯង និងបញ្ជាក់គោលដៅឱ្យច្បាស់៖ ត្រូវបង្ហាញពីអត្តសញ្ញាណ ជំនាញ និងបទពិសោធន៍ពិតប្រាកដរបស់ខ្លួន ហើយបញ្ជាក់ឱ្យច្បាស់ថា តើយើងចង់ទៅរៀនសូត្រពីអ្វីបន្ថែម និងយកចំណេះដឹងនោះមកដោះស្រាយបញ្ហាអ្វីខ្លះក្នុងអាជីព ឬសហគមន៍។ សរសេរអត្ថបទ ចេញពីភាពប្រាកដនិយម និងមានចីរភាព៖ សរសេរចេញពីបទពិសោធន៍ផ្ទាល់ខ្លួន មិនចម្លងពីគេ និងរៀបចំផែនការគម្រោងសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង អាចអនុវត្តបាន មានប្រសិទ្ធភាពចំណាយ និងមានចីរភាពនៅកម្ពុជា។ កុំប្រើប្រាស់ AI Tool ក្នុងការជួយសម្រួលការសរសេរ ត្រូវប្រើប្រាស់គំនិតផ្ទាល់ខ្លួនជាគោល។ ត្រូវមានភាពក្លាហាន ទាក់ទង សុំយោបល់បន្ថែម ពីសិស្សច្បង។ ការតស៊ូ និងការរៀនសូត្រ៖ កុំបាក់ទឹកចិត្តប្រសិនបើធ្លាក់នៅលើកទី១ ព្រោះការស្វែងយល់ពីចំណុចខ្វះខាត និងការអភិវឌ្ឍសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ គឺជាកត្តាកំណត់ជោគជ័យ។

ជាចុងក្រោយ លោកបានផ្តាំផ្ញើទៅកាន់យុវជនជំនាន់ក្រោយថា ចាត់ទុកគ្រប់បទពិសោធន៍ជាការរៀនសូត្រ កុំខ្លាចក្នុងការចាប់ផ្តើម និងកុំបាក់ទឹកចិត្តដោយសារបរាជ័យ។ ចាប់ផ្តើមស្គាល់ពីខ្លួនឯងឱ្យច្បាស់ កសាងគោលដៅសិក្សាឱ្យជាក់លាក់ វិនិយោគលើភាសាជាតិ និងភាសាបរទេស និងចូលរួមធ្វើការងារសង្គមដោយបេះដូង។ នៅពេលដែលសមត្ថភាព ការត្រៀមខ្លួនជាស្រេច និងឱកាសជួបគ្នា នោះគម្រោង និងក្តីស្រមៃរបស់អ្នកនឹងក្លាយជាការពិត៕


Khcct banner

អត្ថបទទាក់ទង